(ព្រៃវែង)៖ លោក ឡាយ ព្រហស្ថ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអំពាវនាវឱ្យក្រុមការងារ និងមន្រ្តី សមាជិកគណបក្សឃុំ ខិតខំអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងជំនឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា។

ការអំពាវនាវបែបនេះ របស់លោក ឡាយ ព្រហស្ថ បានធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ (២០១៧-២០២២) និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ (២០២២-២០២៧) របស់គណៈកម្មាធិការគណបក្សឃុំកំពង់ពពិល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ពពិល នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

នាឱកាសនេះដែរ ប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សត្រូវបន្តចូលរួមថែរក្សាពង្រឹងសាមគ្គីឯកភាពគ្នាជាធ្លុងមួយ ដើម្បីជំរុញការអភិវឌ្ឍភូមិ ឃុំរបស់ខ្លួនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងឈានទៅចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខឱ្យទទួលបានជ័យជម្នះ។

លោក ឡាយ ព្រហស្ថ បានគូសបញ្ជាក់ថា ឆ្លងតាមសកម្មភាពរបស់គណបក្សនាអាណត្តិទី៤ ក្រុមការងារ និងមន្ត្រីគ្រប់ថ្នាក់បានខិតខំអនុវត្តបានខ្ជាប់ខ្ជួនតាមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ស្របតាមស្មារតីនៃសន្និបាត ប្រជាពលរដ្ឋបានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានលទ្ធផលល្អចេញពីកំណែទម្រង់ស៊ីជម្រៅ និងជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ បង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលារាល់ឧបាយកលរបស់ក្រុមជនអគតិ ព្រមទាំងបន្តថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។

ជាមួយនេះ ប្រធានក្រុមការងារចុះមូលដ្ឋានរូបនេះ ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកានៃអង្គពិធី មិនត្រូវធ្វេសប្រហែសអំពីជំងឺឆ្លងកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោកទាំងមូល ហើយដែលយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន៕