(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុជនស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ បានចូលរួមក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងារចលនាយុវជនឃុំរការជន្លឹង ជ័យធំ សន្លុង វិហារសួគ៌ ស៊ីធរ កំពង់ចំលង និងឃុំបាក់ដាវ ចំនួន ៦១៩ នាក់ និងបន្តចុះផ្សព្ធផ្សាយអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អណាត្តទី៥។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍អំពីស្ថានភាពភូមិសាស្ត្រ ស្ថិតិប្រជាជន និងស្ថានភាពសេដ្ឋកិច្ចក្នុងឃុំ ពីសំណាក់តំណាងយុវជនបក្សទាំង ៧ឃុំរួចមក,
លោកបណ្ឌិត កៅ ថាច បានថ្លែងសេចក្តីអបអរសាទរ ជូនដល់យុវជនរបស់គណបក្សប្រជាជនកម្ពុជាទាំង ៧ឃុំ ចំនួន ៥៦៥ នាក់ ដែលបានទទួលការទុកចិត្តពីគណបក្សស្រុកខ្សាច់កណ្តាល ធ្វើការតែងតាំងជាក្បាលម៉ាស៉ីនយុវជន និងបញ្ជូលក្នុងរចនាសម្ព័ន្ធយុវជនបក្សឃុំ ដើម្បីបន្តការងារប្រកបដោយសុឆន្ទះស្មោះស្មគ្រជូនដល់បក្ស និងប្រយោជន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ លោកបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនចំពោះយុវជនទាំងអស់ ដែលមានវត្តមាននាឱកាសនេះផងដែរ។

បន្ថែមពីលើនេះ លោកបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូន,ផ្តាំផ្ញើ និងណែនាំរបៀបរបបការងារមួយចំនួនជូនដល់យុវជនទាំង ៧ ឃុំ រួមមាន៖

១៖ រំលឹកជូននូវព្រឹត្តការណ៍នយោបាយថ្មីៗ ទាំងជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍សំខាន់ជាប្រវត្តសាស្ត្រនិងលទ្ធផលទទួលបាន របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសសម្តេចអញ្ជើញបេសកកម្មទៅកាន់ប្រទេសភូមា នាពេលកន្លងទៅ

២៖ បន្តជំរុញយុវជនធ្វើការងារបក្ស និងបន្តពង្រីកសមាជិកបក្សក្នុងមូលដ្ឋាន និងបន្តគោរពបុព្វហេតុរបស់គណបក្ស និងចូលរួមផ្សព្វផ្សាយអំពីស្នាដៃរបស់ដែលបក្សសម្រេចបាន

៣៖ ធ្វើការរំលឹកអំពីប្រវត្តសាស្ត្រដ៏ជូចត់ឆ្លងកាត់ភាពលំបាក នៃការការគៀបសង្កត់ក្នុងសម័យអណានិគមនិយមបារាំង, តំណាក់កាលប្រវត្តក្នុងសម័យនីមួយៗ និង ប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា និងការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលលោក បានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីប្តូរយកបុព្វហេតុដ៏ត្រឹមត្រូវជូនប្រជាជន សង្គមជាតិ និងសុខសន្តិភាព

៤៖ ពន្យល់អត្ថន័យនៃពាក្យ «អរគុណសន្តិភាព»។ យកឱកាសនេះ លោក បានធ្វើការគូសរំលេចអំពីវិនាសកម្មក្នុងរបស់ប្រល័យពូជសាសន៍ បី ឆ្នាំ ប្រាំបី ខែ និង ម្ភៃថ្ងៃ ដែលប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញរចនាសម្ព័ន្ធ ទាំងស្រុង រួមទាំង ធនធានមនុស្ស។ ប៉ុន្តែដោយសារមានការត៏ស៊ូរបស់ថ្នាក់ដឹកនាំបក្សប្រជាជន ជាពិសេសក្រោមការតស៊ូ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលលោក បានលះបង់ខ្ពស់ដោយដាក់ជីវិតជាដើមទុន ដើម្បីប្តូរយកពាក្យ «សន្តិភាព» ជូនដល់ប្រជាជនទាំងមូល។

៥៖ ធ្វើការរំលឹកអំពីគោលនយោបាយសំខាន់ៗរបស់បក្ស និងរបស់រាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក មានយុទ្ធសាស្ត្រត្រីកោណ, ចតុកោណ ជាដើម ដោយក្នុងនោះ លោក ធ្វើការពន្យល់នូវចំនុចសំខាន់ៗមួយចំនួនក្នុងគោលការណ៍ទាំងនោះ ជូនដល់ប្អូនៗ ឲ្យបានជ្រាបបន្ថែម

៦៖ បន្តចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធទៅហ្នឹងការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព

៧៖ បន្តលើកទឹកចិត្តឲ្យបងប្អូនៗ ទាំងអស់ក្រៅពីកត្វកិច្ចជួយដល់ការងារបក្ស ប្អូនៗត្រូវចូលរួមលើកកម្ពស់ការងារសង្គមឲ្យបានច្រើន ជាពិសេសលើការងារសំអាតបរិស្ថាន ដាំដើមឈើនៅទីសាធារណៈ មានដូចជានៅសាលារៀន និងវត្តអារាមជាដើម ដើម្បីទុកជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន

៨៖ ធ្វើការពន្យល់អំពីរចនាសម្ព័ន្ធ និងលំហូរការងារ និងរបៀបរបបក្នុងការបំពេញការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជា ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កណ្តាល។

លោក កៅ ថាច ក៏បានផ្តាំផ្ញើយុវជន ចូលរួមអនុវត្តន៍ បី កុំ និង បី ការពារ និងជៀសវាង កុំឲ្យឆ្លងកូវីដ ១៩។ ចុងបញ្ចប់ក្នុងនាម លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លោក កៅ ថាច បានធ្វើការឧបត្ថម្ភ នូវថវិកាមួយចំនួន ជូនដល់គណបក្សស្រុក ដើម្បីរៀបចំកម្មវិធី និងយុវជនគណបក្សទាំងអស់ដែលមានវត្តមាន ក្នុងម្នាក់ចំនួន ២ ម៉ឺនរៀល៕