(ភ្នំពេញ)៖ ក្នុងវរោកាសនៃពិធីបុណ្យចម្រើនព្រះជន្មាយុ ៩១ យាងចូល ៩២ព្រះវស្សា របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ដោយមានការនិមន្តចូលរួមពីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអគ្គលេខាធិការរងថេរសភាពុទ្ធសាសនា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គុំ រាជធានីភ្នំពេញ និងព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃជាច្រើនអង្គ, ទ្រង់បានយាងដោយផ្ទាល់ ប្រទាននូវព្រះរាជអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ជនចាស់ជរា ពិការ និងជនក្រីក្រចំនួន ១០៨គ្រួសារ ដែលរស់នៅក្នុងខណ្ឌដូនពេញ និងអ្នកធាក់ស៉ីក្លូមួយចំនួនទៀត។

ពិធីប្រទានព្រះរាជអំណោយនេះ ប្រព្រឹត្តទៅនៅវេលាព្រឹក ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្នុងវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រះរាជអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ ស្មើនឹង៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១ឡូ ទឹកក្រូច១យួរ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ស្ករស ទឹកសុទ្ធ និងថវិកាចំនួន ៥៥០០០រៀល។ ក្នុងពិធីនោះ ក៏មានកាចូលរួមឧបត្ថម្ភពីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា, ព្រះវិន័យមុនី ចឹក ចុន ព្រះគ្រូអនុគណខណ្ឌដង្កោ និងជាព្រះចៅអធិការវត្តស្លែង និងមានការអញ្ជើញចូលរួម និងឧបត្ថម្ភពីលោកស្រីឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ណៃ និងសហការីផងដែរ។

មានព្រះរាជបន្ទូលទៅកាន់ញោមញាតិ អ្នកទទួលព្រះរាជអំណោយក្នុងពិធីនោះ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ស្នើសុំឱ្យប្រជាពលរដ្ឋខ្មែរមានការរួបរួមគ្នា (សង្ឃស្ស សាមគ្គី សាមគ្គានំ តបោ សុខោ) ចេះអត់ឱនយោគយល់គ្នា ជួយគ្នាទៅវិញទៅមក ជាមហាគ្រួសារខ្មែរតែមួយ។

សម្តេចមានបន្ទួលបន្តទៀតថា «ក្នុងពិភពលោកនេះគ្មានទីណាល្អប្រសើរជាងអង្គរវត្តរបស់ខ្មែរយើងឡើយ ប្រទេសខ្មែរជាទឹកដីសុវណ្ណភូមិ ដែលមានភាពអច្ឆរិយៈ សក្តិសិទ្ធិ និងរុងរឿងខ្លាំងក្លាតាំងពីបូរាណកាលមក។ បើខ្មែរយើងរួបរួមសាមគ្គីគ្នាបានល្អ ប្រជាជាតិខ្មែរនឹងកាន់តែចម្រើនរុងរឿងខ្លាំងក្លាទៅថ្ងៃអនាគតពុំខានឡើយ»

ញោមញាតិអ្នកទទួលព្រះរាជអំណោយ មានសេចក្តីសោមនស្សរីករាយ បានថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចព្រះមហាសង្ឃរាជ និងបានបួងសួងដល់តេជះគុណព្រះរតនត្រៃ និងវត្ថុសក្តិសិទ្ធិគ្របទិសទី សូមថ្វាយព្រះពរជ័យដល់សម្តេច ជាអម្ចាស់ សូមមានព្រះរាជសុខភាពល្អបរិបូរ កម្លាំងពលំមាំមួន និងព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា កុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ៕