(ភ្នំពេញ)៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ចំនួនសិស្សដែលបានចុះឈ្មោះរៀន វគ្គសិក្សាថ្មីអំពីរបៀបសរសេរព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News កើនឡើងដល់៥០នាក់ ដែលគ្រប់ចំនួនកំណត់ហើយ។ Fresh News សូមបិទបញ្ចប់ការទទួលចុះឈ្មោះចូលរៀន វគ្គសិក្សាថ្មីនេះ នៅថ្ងៃចន្ទនេះតែម្តង។

តាមការគ្រោងទុក ការចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មី ស្ដីពីការសរសេរព័ត៌មាន របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នឹងបិទបញ្ចប់នៅចុងខែមករានេះ ប៉ុន្តែដោយសារទទួលការគាំទ្រខ្លាំង ក្រោយពេលប្រកាស១សប្តាហ៍មកនេះ ធ្វើឱ្យការចុះឈ្មោះសម្រាប់វគ្គនេះ បានកើនឡើងគ្រប់ចំនួន១០០ភាគរយ មុនពេលកំណត់តែម្តង។ សម្រាប់ការចូលរៀនវគ្គនេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ តទៅ។

វគ្គបណ្តុះបណ្តាលរយៈពេលខ្លីរយៈពេល៣ខែនេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ដែលមានបទពិសោធក្នុងវិស័យព័ត៌មានជាង៣០ឆ្នាំកន្លងមក។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកគឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយដែលចេញដោយអង្គភាព និងគ្រូបង្គោល ហើយជាពិសេសសម្រាប់សិស្សដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334