(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ សាកល្បងជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ ខណៈក្រុមគ្រូពេទ្យក្រសួងការពារជាតិ បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យដូចការចាក់វ៉ាក់សាំងដូសទី១, ទី២ និងដូសជំរុញ។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នឹងធ្វើការចាក់ជូនមន្ត្រីជួរមុខ ដោយក្នុងនោះក៏មានមន្ត្រីនៃកងយោធពលខេមរភូមិន្ទ បូករួមទាំងអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលសរុបទាំងអស់ជាង៣១ម៉ឺននាក់។

បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យយកវ៉ាក់សាំងប្រភេទ Pfizer ដើម្បីចាក់ជូនយោធិន និងគ្រួសារ។ ដោយឡែកនៅថ្ងៃទី១៧ ខែមករានេះ ដោយមានការអនុញ្ញាត ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ អនុគណៈកម្មការចំពោះកិច្ចក្រសួង បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤ ថ្ងៃដំបូងនៅមន្ទីរពេទ្យព្រះកេតុមាលា។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ «សម្រាប់ថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី៤នេះ គឺជាការរៀបចំសាកល្បងដោយប្រមូលបណ្តាលគ្រប់អង្គឯកភាពទ័ពចំណុះក្រសួងការពារជាតិ ឱ្យរៀនសូត្រពីរបៀបចាក់វ៉ាក់សាំងប្រភេទ Pfizer ដែលមានលក្ខណៈខុសប្លែកពីប្រភេទវ៉ាក់សាំងផ្សេងៗទៀត»

សូមស្តាប់កិច្ចសម្ភាសរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖