(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤៖០០នាទីរសៀល នៅទីស្ដីការ គ.ជ.ប។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករានេះ។

គ.ជ.ប បានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៥ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤ រូប៕