(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសណ្ឋាគារជីនប៉ី នៃក្រុមហ៊ុនជីនប៉ីគ្រុប នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានទទួលរៀបចំអាហារពេលល្ងាច (Gala Dinner) ជូនប្រតិភូ អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលមានចំនួនសរុបជិត១០០នាក់ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ការទទួលរៀបចំ Gala Dinner ជូនប្រតិភូ អ្នកលក់ អ្នកទិញ និងសារព័ត៌មានជាតិ-អន្តរជាតិនេះ គឺជាការទទួលបដិសណ្ឋារកិច្ច និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអ្នកលក់ និងអ្នកទិញ។

លោក ប្រាក់ វុទ្ធី បានបន្តថា ការរៀបចំពិធីពិសាភោជនាហារនេះដែរ ក៏បានផ្តោតលើការយកចិត្តទុកដាក់ចំពោះការអនុវត្តតាមនីតិវិធីស្ដង់ដា SOP ដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងវិធានសុខាភិបាលផងដែរ។

គួរជម្រាបថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះមានប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំចំនួន១២៣រូប។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែលនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស៕