(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បាន ជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ សរុបចំនួន ៧០៨នាក់។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោករដ្ឋមន្ត្រី លឹម គានហោ ក៏បានផ្តល់ម៉ូតូ១គ្រឿង ម៉ាក Zoomer X ជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A ម្នាក់ ព្រមទាំងផ្តល់ប្រាក់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និងប្រឡងធ្លាក់ ដើម្បីជាការលើកទឹកចិត្ត។

លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំបានប្រលងជាប់ត្រូវ ធ្វើការសិក្សារៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ។

បន្ថែមពីនេះ លោក លឹម គានហោ ក៏ក្រើនរំឮកដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ថាស្ថិតក្នុងបរិបទនៃការរីករាលជំងឺកូវីដ១៩ ជាសកល សូមថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។

សូមជម្រាបថា ក្នុងសម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១នេះ លោករដ្ឋមន្ត្រី និងក្រុមការងារក៏បានជួយឧបត្ថម្ភកន្លែងស្នាក់នៅ និងការហូបចុកដល់បេក្ខជនទាំងអស់។

ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលទើបនឹងប្រឡងជាប់ និងពុំបានប្រឡងជាប់សរុបចំនួន ៧០៨នាក់ លោករដ្ឋមន្រ្តី លឹម គានហោម នាពេលនេះរួមមាន៖

*សិស្សនិទ្ទេស A ចំនួន១នាក់ ទទួលបានម៉ូតូ Zoomer X ចំនួន ១គ្រឿង
*និទ្ទេស B ចំនួន ២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១០០ដុល្លារ
*និទ្ទេស C ចំនួន ៩៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៧០ដុល្លារ
*និទ្ទេស D ចំនួន ១៩៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៥០ដុល្លារ
*និទ្ទេស E ចំនួន ២៤៣នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៣០ដុល្លារ
*សិស្សប្រលងធ្លាក់ ចំនួន ១៤៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១៥ដុល្លារ៕