(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយសិស្សនារី ២នាក់ ដែលទទួលបាននិន្ទេស A អំពីការសិក្សាបន្តរបស់ពួកគេ ដែលទើបតែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។

សិស្សនារីទាំង ២នាក់ មានឈ្មោះ ពង្ស ស្រីខួច និងឈ្មោះ ជុំ សទ្ធាលាភ មកពីវិទ្យាល័យ ហោ ណាំហុង ព្រៃញា ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានកោតសរសើរចំពោះការប្រឹងប្រែងសិក្សារៀនសូត្រ របស់សិស្សនារីទំាង ២នាក់ រហូតទទួលបាននិទ្ទេស A និងបានផ្តល់អាហាររូបករណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ដែលមានជម្រើស៣ ដើម្បីបន្តឧត្ថម្ភការសិក្សា ដែលជម្រើសទាំង៣ នោះរួមមាន៖

១៖ អាហារូបករណ៍សិក្សាបរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិ កសិកម្ម ព្រែកលាភ
២៖ អាហារូបករណ៍ឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន
៣៖ ឧត្តមសិក្សាជំនាញណាមួយ នៅព្រះរាជាណាចក្រកម្ពុជា ដោយលោកឧបនាយករដ្ឋមន្រ្តី នឹងជួយឧបត្ថម្ភជាប្រចំាខែដើម្បីការសិក្សា។

សិស្សនារីទំាង ២នាក់ បានអបអរសាទរ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការមេត្តា ជួយជ្រោមជ្រែង និងផ្តល់ឱកាស ដល់ពួកគាត់បានសិក្សារៀនសូត្របន្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕