(ភ្នំពេញ)៖ អ្នកតវ៉ារឿងដីធ្លី និងផ្ទះនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ប្រមាណ៣០នាក់ បានឯកភាពយល់ព្រមតាមអាជ្ញាធររាជធានីភ្នំពេញ ក្រោយមានការពន្យល់ណែនាំនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ។

ការយល់ព្រមបានធ្វើឡើងក្នុងឱកាសលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អ្នកតវ៉ាមកពីបឹងកក់ទី២ ដែលពាក់ព័ន្ធរឿងដីធ្លី និងផ្ទះសម្បែងទាំងនោះ។

នាឱកាសនោះ អាជ្ញាធរបានពន្យល់ ពីគោលការណ៍ និងចំណុចមួយចំនួន ដោយស្នើឲ្យពួកគាត់ រក្សាស្ថានភាពដើមដដែល កុំមានការជ្រួលច្របល់ ព្រោះអាជ្ងាធរមិនមានគោលការណ៍ ឬសេចក្តីណែនាំណាមួយ ឲ្យមានការចាកចេញ ពីទីតាំងដែលពួកគាត់កំពុងរស់នៅនេះទេ។

លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា បានលើកឡើងថា «ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយ ដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ»។

លោកបន្តថា លោក ឃួង ស្រេង តែងប្រកាន់យក គោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះ ក៏ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។ ម៉្យាងទៀត ការពិភាក្សារកដំណោះស្រាយ ត្រូវមានភាគីពាក់ព័ន្ធ មានអាជ្ញាធរ និងប្រជាពលរដ្ឋ ដោយពិភាក្សាត្រង់ទៅត្រង់មក លើខ្លឹមសារ ដែលមិនប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

«ម៉្យាងទៀត ប្រសិនបើមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ពីគំរោងអភិវឌ្ឍណាមួយនោះ គួរតែធ្វើលិខិតមកសាលារាជធានីភ្នំពេញ ឬក៏ចាត់តំណាង មកពិភាក្សារកដំណោះស្រាយដោយការយោគយល់គ្នា។ ហើយការដោះស្រាយ ក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុល ពីជនអគតិណាមួយដែលធ្វើឲ្យខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះអាជ្ងាធររាជធានីភ្នំពេញមិនមានផែនការណាមួយ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ»។ នេះបើតាមអាជ្ញាធរ។

ក្រោយពីការបកស្រាយពន្យល់ ពីលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា រួចមក ប្រជាពលរដ្ឋដែលមកតវ៉ាដល់សាលារាជធានីភ្នំពេញ បានយល់ដឹង និងសន្យាអនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ៕