(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ម៉ារីសា ហារុតា (Marisa Haruta ) ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ អ្នកឧកញ៉ាស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន និងកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា នាពេលកន្លងមក និងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។

ក្នុងន័យនេះ ស្ថាប័នទាំងពីរអាចសហការគ្នាជាលក្ខណៈទ្វេភាគី និងកម្រិតតំបន់ផងដែរ ក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។

ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគធំៗជាច្រើន ដែលក្នុងនោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងតំបន់ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូអាស៊ាន ថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ចូលរួមសហការ និងគាំទ្រកម្មវិធីនានាដែលសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតរៀបចំឡើង ដើម្បីជាប្រយោជន៍ដល់វិស័យឯកជនទាំងមូល និងជួយស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។

លោកស្រី ម៉ារីសា ហារុតា បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាជាមួយលោកស្រី និង បានស្វាគមន៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា។

លោកស្រីបានជម្រាបជូន អ្នកឧកញ៉ាប្រធាន អំពីសកម្មភាព និងគម្រោងសំខាន់ៗ ដែលអង្គពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កំពុងអនុវត្តនៅកម្ពុជា និងស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

លោកស្រីក៏គាំទ្រផងដែរ ចំពោះកិច្ចសហប្រតិបត្តិការកម្រិតតំបន់ក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។

លោកស្រីបានគូសបញ្ជាក់ថា ឆ្នាំ២០២២ គឺឆ្នាំដ៏ប្រសើរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ដែលយើងគួរ
រួមគ្នាបង្ហាញសក្តានុពលពិតរបស់កម្ពុជា ទៅកាន់ពិភពលោក។

ស្ថាប័នទាំងពីរបានឯកភាពគ្នា ជាគោលការណ៍ពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ៖

១៖ អនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា
២៖ អនុស្សរណៈយោគយល់រវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន៕