(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចស្តីពីការបង្កើតក្រុមការងាររបស់ក្រសួងយុត្តិធម៌ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រុមការងារនេះ មានលោក កើត រិទ្ធ ជាប្រធាន និងមានអនុប្រធាន និងសមាជិកចំនួន២៧រូប។

ក្រុមការងារនេះ ជាសេនាធិការរបស់ក្រសួងយុត្តិធម៌លើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

*ដឹកនាំ តាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌
*រៀបចំតារាងស្ថិតិ ដើម្បីប្រមូលទិន្នន័យពីការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរការផ្ដន្ទាទោស និងការរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធបទល្មើសសម្អាតប្រាក់
*ប្រមូល និងចងក្រងទិន្នន័យសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់
*ជំរុញ និងពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់
*ជំរុញការរៀបចំករណីសិក្សាពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ទៅតាមដំណាក់កាលនៃការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស។
*ជំរុញការប្រមូល និងចងក្រងទិន្នន័យការចាប់យក ការបង្កក និងការរឹបអូសផលនៃបទល្មើសឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិដែលមានតម្លៃស្មើ
*ធ្វើបច្ចុប្បន្នភាពពីការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ រៀងរាល់៤ខែម្តង និងប្រចាំឆ្នាំ
*បំពេញភារកិច្ចផ្សេងៗទៀត តាមការណែនាំរបស់ប្រធានក្រុមការងារ៕