(ព្រះសីហនុ)៖ ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសក្កានុពលទេសចរណ៍កម្ពុជា និងអាស៊ីដល់ពិភពលោកបន្ថែមទៀត ពិសេសេគឺគោលដៅទេសចរណ៍កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព។

ការសន្យានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Lis Ortiguera នាយកប្រតិបត្តិនៃទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF) នៅខេត្តព្រះសីហនុ។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើ៖

១៖ PATA ឯកភាពបន្តជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ជាពិសេសជំរុញឱ្យមានការបន្ថែមរយៈពេលស្នាក់នៅរបស់ទេសចរអន្តរជាតិនៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម និងការពង្រីកការធ្វើដំណើរកម្សាន្តនៅកម្ពុជា តាមរយៈការដាក់ចុះនូវវិធានសុវត្ថិភាពរបស់កម្ពុជា ដែលជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ទេសចរ។

២៖ បន្តជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈការបង្កើត និងបង្កើនជំនាញឡើងវិញ (Reskill and Upskilling) ដល់អ្នកជំនាញទេសចរណ៍កម្ពុជា។

៣៖ ជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍ និងការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជាទៅដល់ដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។

៤៖ PATA បានលើកនូវគំនិតផ្តួចផ្តើមនៃការបង្កើតគំនិតថ្មី «Asia We Brand» ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពល និងឱកាសក្នុងការផ្សព្វផ្សាយទេសចរណ៍តំបន់អាស៊ីឱ្យកាន់តែទូលំទូលាយទៅដល់ពិភពលោក។ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមនេះ លោក ថោង ខុន បានឯកភាពសហការរៀបចំការផ្សព្វផ្សាយនេះនៅតំបន់គោលដៅទេសចរណ៍ក្នុងអំឡុង PATA Travel Mart នាពេលខាងមុខ៕