(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានប្រកាសគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចបានគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការទទួលបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាប់បាច់ធានាឲ្យបាននូវការជឿជាក់ និងទំនុកចិត្តថាជា គោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំង ជាសូចនាការគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព»

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ពីការទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើអាស៊ាន គិតគូរពិចារណា ក្នុងការសម្រួបសម្រួលលក្ខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ប្រទេសកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» តាំងពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ។ ទេសចរណ៍វ៉ាក់សាំង សម្តៅដល់បុគ្គលណាម្នាក់ ដែលចង់ទៅក្រៅប្រទេស ត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ដែលគេហៅថា ប័ណ្ណឆ្លងដែនវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញផងដែរ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីប្រសាសន៍សម្តេចកន្លងមកថា «នៅក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើដំណើរបានទេ»

សម្តេចតេជោ ហ៊ុន សែន ថែមទាំចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ទស្សវត្សរ៍ចុងក្រោយ មុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន បានស្គាល់កំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់ ៦% ហើយត្រឹមឆ្នាំ២០១៩ ទេសចរណ៍ អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមប្រមាណ ១០%នៃ GDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប។

កំណើនទាំងនេះ រួមផ្សំនឹងយន្តការទ្រទ្រង់ដែលបាននឹងកំពុងអនុវត្ត ធ្វើឱ្យសមាជិកអាស៊ានរំពឹងថា នឹងអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាចូលរួមសម្រេចបង្គោលចររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ «ប្រទេសដែលមានលក្ខណៈសមាហរណកម្ម និងការអភិវឌ្ឍមានលក្ខណៈសមាហរណកម្ម- Integrating Countries, Integrating Developments»

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងបន្តថា ជាអកុសល ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គម ជាពិសេស ឆ្នាំ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួនតែ ២៥,៩៦ លាននាក់ ធ្លាក់ចុះ ៨០,៥% ហើយចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥,៨% ។ និន្នាការធ្លាក់ចុះនេះនៅតែបន្តក្នុងឆ្នាំ ២០២១ កន្លងទៅ៕