(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ដើម្បីគាំទ្រដល់មូលបទអាស៊ានឆ្នាំ ២០២២ ស្តីពី «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច បានកំណត់នូវអាទិភាពចំនួន៣រួមមាន ១៖ ការស្តារឡើងវិញ (Recovery), ២៖ ការកសាងភាពធន់ (Resiliency) និង ៣៖ ការរួបរួមគ្នា (Togetherness) ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងជំនួប និងពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាប្រធានអាស៊ាននៅឆ្នាំ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួនដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងចុងខែមីនា ឆ្នាំ ២០២២នេះ។

 ផ្អែកលើអាទិភាពទាំង៣នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសមិទ្ធិផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដោយផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នា ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក និងឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព និងភាពធន់ តាមរយៈការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូស៊ីជម្រៅ, ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែម សម្រាប់ការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព, ការជំរុញហិរញ្ញវត្ថុឌីជីថល និងការធានានូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើលេខាធិការដ្ឋានអាស៊ានបន្តផ្តល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការ ជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងការរៀបចំជា Showcase Event មួយ រួមជាមួយស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ ប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាស៊ាន បន្តធ្វើកិច្ចសហការលើការរៀបចំខ្លឹមសារនៃកិច្ចប្រជុំ ក៏ដូចជាកិច្ចការរៀបចំផ្សេងៗទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ។

ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីឱ្យកម្ពុជាបំពេញភារកិច្ច ជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខ-សន្តិភាព និងវិបុលភាពជារួមសំដៅបន្តបេសកកម្ម ក្នុងការកសាងសហគមន៍អាស៊ាន ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លេខាធិការដ្ឋានអាស៊ាន ដែលបានបន្តកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការគាំទ្រដល់ដំណើរការ កសាងសហគមន៍អាស៊ានកន្លងមក ក្នុងគោលដៅសម្រេចបាននូវការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ, ស្ថិរភាព និងភាពធន់ក្នុងតំបន់ តាមរយៈការសម្របសម្រួល និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមនានា ជាពិសេសការផ្តល់សេវាគាំទ្រដល់ប្រធានអាស៊ាន ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កា ក្នុងអាណត្តិរបស់ខ្លួនជារៀងរាល់ឆ្នាំ៕