(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) សមាគមអ្នកសាងសង់កម្ពុជា (CCA) សហព័ន្ធវិស័យសំណង់អន្តរជាតិ (BWI) និងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមនៃគ្រោះថ្នាក់ការងារ និងវិសាលភាពបេឡាជាតិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់។

សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ ក្នុងគោលបំណងជំរុញឲ្យភាគីពាក់ព័ន្ធពង្រឹងការអនុវត្តស្តង់ដាសុខភាព និងសុវត្ថិភាពនៅកន្លែងការងារឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកន្លែងការងារ ពង្រីកវិសាលភាពបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) គ្របដណ្តប់ឲ្យបានពេញលេញសម្រាប់វិស័យសំណង់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ស្វែងរកនិងកំណត់នូវបញ្ហាប្រឈមជាអាទិភាព និងសុំកិច្ចសហការ ដើម្បីជំរុញឲ្យការអនុវត្តមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់ ផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាសបេស្តូសឲ្យបានទូលំទូលាយ និងបញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្តូសនៅពេលអនាគត និងបង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសហប្រត្តិបត្តិការក្នុងគោលបំណងជំរុញក្របខ័ណ្ឌគោលនយោបាយជាតិ សម្រាប់ការលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ឲ្យមានភាពល្អប្រសើរទ្បើង។

លោក ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀតទៅលើវិស័យសន្តិសុខសង្គម និងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គមដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដោយបន្តការពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ការបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ការជំរុញការរៀបចំ និងដាក់ឲ្យដំណើរការរបបប្រាក់សោធន និងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវា សំដៅលើកកម្ពស់ សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាអតិបរមា។

លោករដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលកន្លងមកម្ចាស់សហគ្រាសផ្នែកសំណង់ និងព្រៃឈើបានខិតខំពង្រឹងការចូលរួមអនុវត្តនូវសេចក្តីណែនាំបន្ថែមរបស់ក្រសួងពាក់ព័ន្ធនឹងការបង្ការ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុលោមតាមវិធានការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ។

លោកបានចូលរួមផ្តល់ជាអនុសាសន៍មួយចំនួនក្នុងនោះ៖ ១. ការពិភាក្សាត្រូវផ្តោតឲ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ដែលអនុវត្តលើរបបសន្តិសុខសង្គមទាំងអស់ និងនាយកដ្ឋានពេទ្យការងារ ដែលអនុវត្តលើអនាម័យ ការងារ និងសុវត្ថិភាពការងារ, ២. ការពិភាក្សាត្រូវផ្តោតឲ្យមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីយន្តការកិច្ចសហការពាក់ព័ន្ធការអនុញ្ញតសិទ្ធិសាងសង់ ចាំបាច់ត្រូវមានបញ្ជាក់អំពីការទិញធានារ៉ាប់រង ពិសេសគ្រោះថ្នាក់ការងារស្របតាមច្បាប់ស្តីពីសំណង់ និង ៣. ផ្តោតលើអនុសាសន៍ផ្សេងៗទៀតពីវាគ្មិន ប.ស.ស. និងវាគ្មិននៃនាយកដ្ឋានពេទ្យការងារ និងសមាជិកសមាជិការនៃអង្គសិក្ខាសាលាទាំងមូល៕