(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ប្រភេទ Pfizer ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព ក្នុងអង្គភាព អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។

ផ្ដើមដំបូងក្រុមអាទិភាពនៅរាជធានីភ្នំពេញ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី៤ មុនគេ ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ដ្រាលី។ វ៉ាក់សាំង Pfizer នេះរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងដៃប្រមាណជាង២.៣លានដូស។

ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ មានការចូលរួមពីនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ ព្រមទាំងអគ្គលេខាធិការរង ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលបានចាក់វ៉ាក់សាំងដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ ឬដូសជំរុញ និង ដូសទី៤ ដែលបានចាក់ជូននាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន និងគ្រួសារកងទ័ពនាពេលនេះ។

កម្ពុជា ដែលធ្លាប់ទទួលបាននូវការសាទរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានជូនប្រជាពលរដ្ឋបានច្រើននោះ បានបន្ដបោះជំហ៊ានថ្មីមួយកម្រិតទៀតហើយ ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ក្រុមបុគ្គលអាទិភាព មានទាំងមន្ដ្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ បានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល ពិសេសពពួកបំប្លែងខ្លួនថ្មី «អូមីក្រុង»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ ដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងការបង្កើនឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ ទប់ទល់និងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការខិតតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ក្នុងពេលពេលនេះដោយមានការចូលរួមយ៉ាងសកម្មពីគ្រូពេទ្យកងទ័ព បានធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ១៩ និងអត្រាស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជាមានការថយចុះហើយរាជរដ្ឋាភិបាល ក៏បានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ និងបានបើកប្រទេសជាតិឱ្យដំណើរ ឡើងវិញលើគ្រប់វិស័យជាមួយនឹងការរស់នៅតាមគន្លងថ្មីជាប្រក្រតីក្នុងបរិបទកូវីដ១៩៕