(ភ្នំពេញ)៖ លោក សំហេង បុរស តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកស្អាត ១គ្រឿងដល់វិទ្យាល័យ ជា ស៊ីមឈូកវ៉ា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក សំហេង បុរស បានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ដោយសេចក្តីនឹងរលឹក និងយកចិត្តទុកដាក់បំផុត។

លោក សំហេង បុរស បានលើកឡើងពីសារសំខាន់នៃម៉ាស៊ីនចម្រោះទឹកស្អាតនេះ គឺសម្រាប់ផ្តល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទានទឹកស្អាត ទឹកមានគុណភាព និងសុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ ដល់ការលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតី។ជាងនេះទៅទៀតបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិចផងដែរ។

លោកបន្តថា សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ ប្លាស្ទិក និងមេត្រីបរិស្ថានក្នុងកម្មវិធីសិក្សារបស់សាលារៀន ដែលជាយន្តការដ៏មានប្រសិទ្ធភាព ជួយលើកទឹកចិត្តឱ្យសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។

លោកបានថ្លែងអំណរគុណក្រសួងបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានចូលរួមសហការគាំទ្រក្នុងការរៀបចំ និងបំពាក់ជូននូវម៉ាស៊ីនចម្រោះទឹកស្អាត ប្រកបដោយសុវត្ថិភាព សម្រាប់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សរបស់យើងនាថ្ងៃនេះផងដែរ៕