(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រ និងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែមីនា ឆ្នាំ២០២២។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក៏បានប្រកាសគាំទ្រផងដែរ សម្រាប់ការរៀបចំវេទិកាគោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាននេះផងដែរ។

ការបង្ហាញជំហរគាំទ្រនេះ ធ្វើឡើងក្នុងឱកាសលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ចូលជួបពិភាក្សាជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងអឺរ៉ុប ជាពិសេស ការពាំនាំនូវសំណូមពរពីវិស័យឯកជន និងអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគោល-នយោបាយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន។

សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំទី៣ របស់អាស៊ាន (បន្ទាប់ពីចិន និងអាមេរិក) ដោយគ្របដណ្តប់ប្រមាណ ១០.៦% នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន និងជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំទី ៣ ជាមួយនឹងរំហូរ FDI សរុបចំនួន៧.៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តវិធានការអន្តរាគមន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស គឺការទប់ស្កាត់ផល-ប៉ះពាល់អវិជ្ជមាន មកលើសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក។

ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-អឺរ៉ុប ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួន ៣ រួមមាន ១៖ ការស្តារឡើងវិញ (Recovery), ២៖ ការកសាងភាពធន់ (Resiliency) និង៣៖ ការរួបរួមគ្នា (Togetherness) សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់មូលបទរួមរបស់អាស៊ាន ឆ្នាំ ២០២២ ស្តីពី អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together) ។

ក្នុងន័យនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការ ស្តារឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។

ជាមួយគ្នានេះ, ភាគីទាំងពីរ ក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលអាចពិភាក្សាសម្រាប់កិច្ចប្រជុំអាស៊ានដូចជា ការបន្តរៀបចំ ASEAN Taxonomy ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោតការគិតគូរខ្ពស់ ទៅលើការកាត់បន្ថយហានិភ័យ ពីការប្រែប្រួលអាកាសធាតុ និងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ជាដើម។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) សម្រាប់ការផ្តល់កិច្ចសហការ និងការគាំទ្រ ដល់ការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះ នឹងក្លាយជាវេទិកា ដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន សំដៅធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ, ការធ្វើសមា-ហរណកម្មហិរញ្ញវត្ថុស៊ីជម្រៅ, កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងជាពិសេសការផ្តល់ហិរញ្ញប្បទាន ប្រកបដោយដោយចីរភាពក្នុងតំបន់៕