(ភ្នំពេញ)៖ «ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១,៦១១អន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិនឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។ នេះជាបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ។

រដ្ឋលេខាធិការ បានថ្លែងថា បរិមាណអន្ទាក់ ដែលបានដោះនៅឆ្នាំ២០២១ កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង ២០% បើ ប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២១ ដែលមានចំនួន ៤៣,២៧០អន្ទាក់។

ជាមួយនឹងការដោះអន្ទាក់ដ៏ច្រើនបែបនេះត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា វាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹម តែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី ទទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថាបានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ ប្រមាណជាង ១២លានអន្ទាក់ ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួមដោះអន្ទាក់ចេញពីព្រៃធម្មជាតិ។

លោកបានបន្តថា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់ បទល្មើសបំផ្លាញធនធាន ធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោល ដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ សត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែងនិងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយចំពោះសត្វព្រៃ ដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សអាចទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វដើម្បី យកមកថែរក្សា និងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។

មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសរំលេចយ៉ាងដូច្នេះថា៖ «ក្រៅពីអន្ទាក់ដែលបានបង្កគ្រោះថ្នាក់សម្លាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់ សម្រាប់ការប្រមាញ់សត្វព្រៃចំនួន ៧៥៨ដើម ត្រូវបានដកហូតនៅឆ្នាំ២០២១។ បរិមាណនេះប្រមាក់ប្រហែលឆ្នាំ២០២០ដែរ»

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការកើនឡើងនៃកាំភ្លើងកែច្នៃក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ហើយកាំភ្លើងកែច្នៃនេះ គឺជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។ លើសពីនេះ សត្វឆ្កែប្រដេញក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃដែរ។ ប្រជាជនមួយចំនួនបានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃត្រូវបានថយចុះដោយការប្រមាញ់ និងស្លាប់ដោយសារតែជំងឺឆ្លងពីឆ្កែស្រុក។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ៕