(ព្រះសីហនុ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ាន ឆ្នាំ២០២២ បានបង្ហាញនូវការតាំងចិត្ត ក៏ដូចប្រមូលផ្តុំនូវកិច្ចប្រឹងប្រែងទាំងឡាយ ដេីម្បីធ្វេីឱ្យប្រសេីរនូវការធ្វេីពាណិជ្ជ នៅអាស៊ាន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃអង្គារ ទី១៨ ខែមករា កន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង៥ ស្ថិតក្រោមក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ជាពិសេសការចូលជាធរមាន និងការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពីភាគីទាំងអស់ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកអគ្គលេខាធិការអាស៊ានអំពីបច្ចុប្បន្នភាពការងារការត្រៀមរៀបចំ ដើម្បីដឹកនាំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានស្នើ ក្រោមសមត្ថកិច្ចសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ជាការឆ្លើយតប លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរដល់កិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និង ជនបរទេស គ្រប់រូប ដែលជាកត្តាសំខាន់ឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ ជាពិសេស ការសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងក៏ដូចជាជួយទ្រទ្រង់លើវិស័យសហគ្រាសធុនតូច និងមធ្យម។

បន្ថែមពីលេីនោះ លោកអគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ទាក់ទងនឹងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រឹងមាំនៃតំបន់។

លោកអគ្គលេខាធិការអាស៊ាន បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលនៃកិច្ចប្រជុំចង្អៀត ឧត្តមមន្ត្រីអាស៊ាន និងបានបញ្ជាក់ពីការបេ្តជ្ញាបន្តកិច្ចសហការដ៏ល្អប្រសើរ ព្រមទាំងជំហរគាំទ្ររបស់ លេខាធិការដ្ឋានអាស៊ាន សម្រាប់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន ក្នងឆ្នាំ២០២២។

ក្នុងជំនួបលោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងអគ្គលេខាធិការអាស៊ាន ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពីការបន្តអនុវត្តក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ អាស៊ាន បច្ចុប្បន្នភាពនៃការធ្វើសាកលភាវូបនីយកម្មអាស៊ាន ការធានានូវលំហូរទំនិញចាំបាច់ ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ និងការធ្វើបច្ចុប្បន្នភាពនៃសំណើចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត។

លោករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀត សំដៅអាចឈានសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំផ្សេងទៀតរបស់អាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព៕