(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធុរកិច្ច កម្រិតអន្តរជាតិធំៗជាច្រើន ដើម្បីទាក់ទាញវិនិយោគិន និងបង្ហាញពីសក្តានុពលកម្ពុជា ទៅកាន់ពិភពលោក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយ លោកTassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ច អឺរ៉ុប-អាស៊ាន និងលោក Chris Humphrey នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ រវាងកម្ពុជា អឺរ៉ុប និងអាស៊ានទាំងមូល។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន របស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ី ក៏ដូចជាសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលតែងតែគាំទ្រ និងសហការល្អជាមួយ សភាពាណិជ្ជកម្មកម្ពុជា ដើម្បីជាប្រយោជន៍ដល់វិស័យឯកជនទាំងមូល និងបានជួយគាំទ្ររៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានកាលពីឆ្នាំ២០១២ កន្លងទៅ។

អ្នកឧកញ៉ាប្រធាន គូសបញ្ជាក់ថា «ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធុរកិច្ចកម្រិតអន្តរជាតិធំៗជាច្រើន ដើម្បីទាក់ទាញវិនិយោគិន និងបង្ហាញពីសក្តានុពលកម្ពុជា ទៅកាន់ពិភពលោក»

ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ អ្នកឧកញ៉ាប្រធាន ស្វាគមន៍ចំពោះការបន្តគាំទ្ររបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅកម្ពុជា និងកិច្ចប្រជុំកំពូលផ្សេងៗទៀត។

លោក Tassilo Brinzer អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួប ពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងគាំទ្រចំពោះប្រសាសន៍ អ្នកឧកញ៉ាប្រធាន ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ។

ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងក្នុងនាមជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោកនឹងរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំកិច្ចប្រជុំ កំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ឲ្យដំណើរការប្រកបដោយជោគជ័យ និងសហការរៀបចំព្រឹត្តិការណ៍ធំៗផ្សេងទៀត ដើម្បីទាក់ទាញវិនិយោគិន អឺរ៉ុបមកកម្ពុជាឲ្យកាន់តែច្រើន ជាពិសេសការរៀបចំ កិច្ចប្រជុំកំពូលអឺរ៉ុប-អាស៊ាន ក្នុងឆ្នាំ២០២២ នេះ។

លោក Chris Humphrey នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបំពេញទស្សនកិច្ច របស់លោកមកកម្ពុជានាពេលនេះ។

លោកបានកត់សម្គាល់ឃើញថា សេដ្ឋកិច្ចកម្ពុជា ការរីកចម្រើនឆាប់រហ័ស និងមានការប្រែប្រួលយ៉ាងច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោកមានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ ជំរុញធុរកិច្ច និងវិនិយោគ ក្នុងអំឡុងពេលដែលកម្ពុជា ជាម្ចាស់រៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដែលនេះជាពេលវេលាដ៏មានតម្លៃបំផុតក្នុងការផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាធុរកិច្ច អឺរ៉ុប-អាស៊ាន គាំទ្រចំពោះការៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងសហការជួយរៀបចំកម្មវិធី
ជួយអញ្ជើញវាគ្មិនល្បីៗ និងជួយផ្សព្វផ្សាយឲ្យក្រុមហ៊ុនដែលជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ចូលរួមជួយឧបត្ថម្ភដល់កម្មវិធី នៃកិច្ចប្រជុំកំពូលនេះ។

ជាលទ្ធផលនៃកិច្ចប្រជុំស្ថាប័នទាំងពីរបានឯកភាពជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុប-អាស៊ាន ដែលនឹងប្រព្រឹត្ត ទៅនៅខែកញ្ញា ឆ្នាំ២០២២ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ រួមនិងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត៕