(កោះកុង)៖ នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ម្ចាស់ផ្ទះកម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនគោលនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង។

ការប្រកួតនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលជាការប្រកួតមិត្តភាពអន្តរជាតិ ដោយមានការចូលរួមពីរដ្ឋមន្ត្រីនិងតំណាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឧត្តមមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូតមួយចំនួន ព្រមទាំងអភិបាលខេត្តមួយចំនួនផងដែរ។

ថ្លែងនាឱកាសប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីប្រកួតកីឡាវាយកូនគោលនៅលើទឹកដីខេត្តកោះកុងនាពេលនេះ។

លោកស្រីអភិបាលខេត្តក៏បានផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅខេត្តកោះកុង ដែលជាខេត្តមានសក្ដានុពលលើវិស័យទេសចរណ៍ និងមានភាពកក់ក្ដៅ ដោយរាជរដ្ឋាភិបាលបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងខេត្តបានស្ទើរ១០០ភាគរយ ពិសេសគឺគោលដៅរមណីយដ្ឋានតារាសាគរនេះ និងគោលដៅជាច្រើនទៀត។

ជាមួយគ្នានោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំការប្រកួតកីឡាវាយកូនគោលនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង នាពេលនេះ គឺដើម្បីអបអរសាទរនាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដោយគ្រប់ការរៀបចំព្រឹត្តិការណ៍ ATF គឺតែងតែមានការរៀបចំការប្រកួតកីឡាវាយកូនគោលរៀងរាល់ដងផងដែរ។

សូមជម្រាបថា បន្ទាប់ពីការប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ គណៈកម្មការបានរកឃើញអ្នកឈ្នះពានរង្វាន់កិត្តិយសតាមរយៈក្រុមបច្ចេកទេសការប្រកួតកីឡាវាយកូនគោល ក្នុងនោះរួមមានជ័យលាភី Gross Score Winner បានទៅលើលោក ង្វៀន ចាងខាញ់ (Nguyen Trang Khanh) និងជ័យលាភី Net Score Winner បានទៅលើលោក ស៊ន វ៉ាន់វៀត (Doan Van Viet)។ ក្រៅពីនោះក៏មានការប្រគល់ពានរង្វាន់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិផងដែរ៕