(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា «អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារ នាពេលថ្មីៗនេះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា»

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ បានចែករំលែកអំពីភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានាដែលទទួលបានពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងស្មារតីនេះ អ្នកនាំពាក្យយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នៅរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាព នៅក្នុងប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់អាស៊ាន៕