(កណ្តាល)៖ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិកាចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំដែលមានបទពិសោធន៍ខាងនយោបាយ និងយោធាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្នុងឱកាសពិធីបេីកវគ្គអប់រំនយោបាយសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកោះធំ ខេត្តកណ្តាល លោក យូ សិរីវុឌ្ឍ បានគូសរំលេចថា កម្ពុជាចាប់ពីមានរដ្ឋប្រហារនាឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបានឆ្លងកាត់នៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានធ្វើឱ្យប្រជាជនកម្ពុជាទទួលរងនូវមហាវិនាសសកម្ម និងការកាប់សម្លាប់ វិនាសព្រាត់ប្រាស និងការឈឺចាប់រាប់ពាន់ជំពូក។ លោក បានចាត់ទុកព្រឹត្តិការណ៍ទាំងនេះ ជាសោកនាដកម្មដ៏ជូរចត់ចំពោះប្រជាជនកម្ពុជា ដែលប្រវត្តិសាស្ត្រមនុស្សជាតិកម្របានជួបប្រទះ។

សម្រាប់លោក យូ សិរីវុឌ្ឍ ផ្តើមចេញពីការមើលឃើញនូវសោកនាដកម្ម និងក្តីវិនាសអន្តរាយទាំងអស់នេះហើយ ដែលធ្វើឱ្យសម្តេចតេជោ ចេញដំណើរធ្វើការតស៊ូនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ ដោយយកអាយុជីវិតធ្វើដើមទុន និងមិនខ្លាចសេចក្តីស្លាប់ ដើម្បីរំដោះអាយុជីវិតប្រជាជន និងប្រទេសកម្ពុជារហូតទទួលបានជ័យជម្នះទាំងស្រុងនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

«ក្រោយពីការដឹកនាំរំដោះប្រទេសជាតិបានហើយសម្តេចតេជោ ហ៊ុន សែន បានរៀបចំកសាងប្រទេសឡើងវិញ ពីបាតដៃទទេផ្តើមចេញពីចំណុចសូន្យ និងរៀបចំផែនការ ការពារអាយុជីវិតប្រជាជន និងប្រទេសកម្ពុជា និងការទប់ស្កាត់នៃការប៉ុនប៉ងវិលប្រឡប់មកកាន់អំណាចសាជាថ្មី នៃរបបប្រល័យពូជសាសន៍ ប៉ុលពត»។ នេះជាការគូសរំលេចរបស់លោក យូ សិរីវុឌ្ឍ ចំពោះវីរភាពរបស់សម្តេចតេជោ។

លោក យូ សិរីវុឌ្ឍ បន្តថា «មិនតែប៉ុណ្ណោះសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំដែលស្រលាញ់ប្រជាជន និងប្រទេសកម្ពុជាលើសអំពីជីវិតរបស់ខ្លួនឯង បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីក៏សាងសង្គមជាតិ និងរិះរក់គ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ទើបសម្តេចបានចាប់ផ្តើមចេញដំណើរស្វែងរកការចរចាសន្តិភាពជាមួយ សម្តេចឪ ព្រះនរោត្តមសីហនុ និងភាគីជម្លោះខ្មែរដទៃទៀតរហូតទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងរហូតឈានទៅដល់ការរៀបចំការបោះឆ្នោត ដែលរៀបចំដោយ អ៊ុនតាក់ នាឆ្នាំ១៩៩៣ ដែលបាននាំមកនៅលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរហូតមកទល់ពេលបច្ចុប្បន្ន»។

លោក សិរីវុឌ្ឍ ក៏បានលើកផងដែរពីសមិទ្ធផលដែលកើតចេញពីសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ។ លោកបានលើកឡើងថា ក្នុងរយៈពេល២៣ឆ្នាំក្រោមដំបូលសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់អំណាចកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពសម្បូសប្បាយ ហើយប្រទេសជាតិ មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ទំាងក្នុងតំបន់ និងនៅលើសកលលោក។

សម្រាប់លោក យូ សិរីវុឌ្ឍ ប្រជាជាតិ និងប្រជាជនកម្ពុជា មានភ័ព្វសំណាងដោយមានមេដឹកនាំដែលអាស្ចារ្យ និង ខ្លាំងពូកែដូចសម្តេចតេជោ ហ៊ុនសែន ហេីយផលប្រយោជន៍ត្រូវបានប្រជាជនកម្ពុជាគ្រប់ៗរូបទទួលបាន គឺសុខសន្តិភាព និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕