(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា រដ្ឋសភា ផ្ញើសាររំលែកទុក្ខ លោកស្រី ងិន ម៉ូឃឿន និងក្រុមគ្រួសារ ចំពោះមរណភាពលោកបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា ដែលត្រូវជាស្វាមីរបស់លោកស្រី នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៣៖៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

តាមរយៈសាររំលែកទុក្ខ លោក ឡេង ប៉េងឡុង បានបង្ហាញក្តីសោកសៅយ៉ាងដូច្នេះថា៖ «ខ្ញុំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារទាំងអស់ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ដែលជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ គឺឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី»

«ខ្ញុំសូមវាយតម្លៃយ៉ាងខ្ពស់បំផុត ចំពោះគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី ជាបញ្ញវន្តដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស»

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកបណ្ឌិតសាស្ត្រាចារ្យ ឃឹម ឈុនអ៉ី សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕