(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងចេញពីសាលប្រជុំសាលាខេត្តត្បូងឃ្មុំក្នុងពិធីប្រកាសតែងតាំង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយកោតសរសើរពីវីរភាពសម្តេចតេជោ ក្នុងការដោះស្រាយវិវាទផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ចប់ដោយការយោគយល់គ្នាជាទីមោទនៈគឺលោកឧត្តមសេនីយ៍យោធា មីង អោងឡាំង បានធានាអះអាងចំពោះមុខសម្តេចតោជោ ក្នុងជំនួបកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ គឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សា បញ្ឈប់ការប្រើប្រាស់ចុងអាវុធរហូតដល់ចុងឆ្នាំ២០២២ និងអនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់គ្រប់ភាគី ថែមទាំងអនុញ្ញតឱ្យប្រេសិតអាស៊ាននិងប្រេសិត របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា អាចបំពេញទស្សនកិច្ចដោយផ្ទាល់ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

លោកបណ្ឌិត អភិបាលខេត្ត បានបន្ថែមទៀតថា អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់ គឺជាចេតនាបំផ្លាញអាយុជីវិតរបស់មនុស្សបំផ្លាញភាពសុខសាន្តរបស់ប្រជាជន និងបង្កគ្រោះមហន្តរាយដល់សង្គមជាតិទាំងមូល និងការប្រឆាំងផ្តល់ជំនួយមនុស្សធម៌ គឺជាចេតនាមួយបំផ្លាញអាយុជីវិតរបស់មនុស្សក្នុងចេតនាទុកឱ្យប្រជាជនស្លាប់ ដោយគ្រោះទុរភិក្ស ដាច់បាយ ឈឺថ្កាត់វេទនា គ្មានថ្នាំសង្កូវជាដើម និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ-១៩។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ច្បាស់ៗក្នុងពិធីនេះថា «គោលនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨រហូតមកដល់បច្ចុប្បន្ន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពង្រឹងនីតិរដ្ឋ និងសន្ដិសុខគតិយុត្ត ដែលនាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងរហូតមកដល់សព្វថ្ងៃនេះជូនទៅ មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន, បទឈប់បាញ់គ្រប់ភាគី និងជំនួយមនុស្សធម៌ គឺជាផលប្រយោជន៍ប្រទេសមីយ៉ាន់ម៉ា ជាពិសេសគឺប្រជាជនមីយ៉ាន់ម៉ា តែម្តងដែលទទួលអត្ថប្រយោជន៏ដ៏សំខាន់ពីអ្វីដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានធ្វើក្នុងនាមជាប្រធានអាស៊ាន»