(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសដីកាតែងតាំង លោក ផាត សុខសាន្ត ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅសាលសាលខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមចំនួន ២២២នាក់។

អញ្ជើញចូលរួម នាឱកាសនោះមាន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពលទ្ធកម្ម និងប្រធានអង្គភាពច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្តកម្លាំងទាំង៣ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលក្រុង-ស្រុក ប្រធានការិយាល័យ ក្រុង-ស្រុក នាយកវិទ្យាល័យ នាយកអនុវិទ្យាល័យ លោកគ្រូ អ្នកគ្រូ មន្ត្រីក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា និងមន្រ្តីរាជការនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ មានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមក មានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។

បន្ទាប់ពីគណៈអធិបតីបានប្រគល់ដីកា និងប្រគល់ភារកិច្ចជូន មន្ត្រីរាជការលិខិតលេខ ០៨១/១២ ដក.តត.តយ ចុះថ្ងៃព្រហស្បតិ៍៥កើត ខែមគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំរួចមក លោក ផាត សុខសាន្ត បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ហើយសួមសច្ចាថា មិនប្រព្រិត្តនូវអំពើទាំងឡាយណា ដែលបង្កឲ្យមានផលប៉ះប៉ល់ អវិជ្ចមានដល់អង្គភាព ពិសេសខូចខាតផលប្រយោជន៏ជាតិ និងប្រជាជន, រក្សាសាមគ្គីភាព គោរព អនុវត្តន៏គោលនយោបាយអប់រំ ច្បាប់ លិខិតបទដ្ឋាននាៗ ពិសេសកំនែកំរង់៨ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា និងឯកភាពផ្ទៃក្នុងសំដៅធ្វើយ៉ាងណាឲ្យការងារទទួលបានជោគជ័យ។

លោកបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេច តែងគិតគូរដល់មន្ត្រីរាជការថ្នាក់ក្រោម ជាពិសេសបានធ្វើកំណែទម្រង់ជាច្រើនលើវិស័យអប់រំ ដែលវិស័យអប់រំ គឺជាវិស័យមួយ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឍ្ឍន៏ប្រទេសជាតិ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្ដល់នូវអនុសាសន៍ផ្តាំផ្ញើដល់លោកអនុប្រធានមន្ទីរថ្មី ត្រូវតែរួមសហការគ្នាឲ្យបានល្អ ក្នុងការកែទម្រង់វិស័យអប់រំឲ្យ កាន់តែល្អប្រសើរឡើង ព្រោះវិស័យអប់រំត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយ ដើម្បីជំរុញការអភិវឌ្ឍប្រទេស ជាពិសេសនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលការអភិវឌ្ឍត្រូវផ្អែកលើធនធានបញ្ញា និងបានអំពាវនាវដល់មាតាបិតាសិស្សត្រូវរួមចំណែកជាមួយលោកគ្រូអ្នកគ្រូ ក្នុងការអប់រំកូនចៅដើម្បី ឲ្យពួកគេទទួលបានចំណេះដឹង និងសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គម ជាពិសេសគឺអាចទទួលបានការងារល្អទៅថ្ងៃអនាគត៕