(បន្ទាយមានជ័យ)៖ សមណសិស្សចំនួន ៣៧៧អង្គ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១-២០២២ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាស៉ីម ក្នុងវត្តស្វាយភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។

ពិធីនេះមានការចូលរួម បើកវិញ្ញាសាដោយលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងនិមន្តចូលរួមដោយព្រះឧត្តមសីលញ្ញាណ ធុល សុធា រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២ មានសមណសិស្សចូលរួមប្រឡងចំនួន៣៧៧អង្គ មកពី ក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ និងមានចំនួន ១៦បន្ទប់។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា វិញ្ញាសាប្រឡងមានចំនួន៦ មុខវិទ្យា រួមមាន៖ វិញ្ញាសាបាលី, វិញ្ញាសាតែងសេចក្តី, វិញ្ញាសារប្រវត្តិវិទ្យា និងភូមិវិទ្យា, វិញ្ញាសាពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា, វិញ្ញាសាសរសេរតាមអាន, និងវិញ្ញាសាគណិតវិទ្យា។

លោក បៀវ ថាន បានបញ្ជាក់ទៀតថា សមណសិស្សដែលបានមកប្រឡងនេះ ត្រូវគោរពតាមគោលការណ៍មួយចំនួនដែលក្រសួងធម្មការបានកំណត់ ដូចជាហាមយកថង់យាម ទូរសព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតឲ្យយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។ សមណសិស្សទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ក្នុងពេលធ្វើកិច្ចការប្រឡង ហើយមិនត្រូវប្រឆាំងតវ៉ា ដោយពាក្យសំដីអសុរោះទៅកាន់គណៈកម្មាធិការត្រួតពិនិត្យ ដែលដកហូតសម្ភារៈ ឬសំណៅឯកសារណាមួយផ្ទុយពីលក្ខណនៃការប្រឡងជាដាច់ខាត ហើយរាល់ចំលើយមិនត្រូវលុបដោយទឹកស ឬធ្វើសញ្ញាសំគាល់ផ្សេងៗឡើយ។

បេក្ខជនត្រូវអង្គុយតាមតុរៀងខ្លួន រួចបំពេញកិច្ចការលើក្រដាសកិច្ចការឲ្យបានត្រឹមត្រូវ មុនយកទៅជូនអនុរក្ស។ ពេលធ្វើកិច្ចការចប់ ត្រូវចេញក្រៅបន្ទប់ប្រឡង មិនត្រូវឡូឡាក្នុងបន្ទប់ប្រឡងនាំឲ្យរំខានដល់បេក្ខជនដទៃទៀតឡើយ។

ក្នុងនោះ លោក អុំ រាត្រី បានឲ្យដឹងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២នេះ ក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឲ្យមានការបើកដំណើរការឡើងវិញតាមសេចក្តីណែនាំលេខ២៤/២១ កធ ស.ស .ណន ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសេចក្តីជូនដំណឹងលេខ១៧៩/២១ អព.សជ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីផែនការប្រឡងសម្រាប់ឆ្នាំសិក្សា ២០២១ ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

លោកក៏បានជំរុញឲ្យសមណសិស្សទាំងអស់ត្រូវយកកិច្ចទុកដាក់ក្នុងការប្រឡងឲ្យបានខ្ជាប់ខ្ជួន ឲ្យបានចំណេះនៅក្នុងខ្លួនពិតៗ ដើម្បីប្រែក្លាយខ្លួនទៅជាធនធានមនុស្ស ដែលជាតិត្រូវការជាចាំបាច់មិនអាចខ្វះបាន។

គួរបញ្ជាក់ផងដែរថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២១ ឆ្នាំ២០២២នេះ មានរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២២ ដល់២៣ខែមករា ឆ្នាំ២០២២៕