(ភ្នំពេញ)៖ រកឃើញនិស្សិតឆ្នើមចំនួន២៥រូប បានបញ្ចប់ដោយជោគជ័ «ការប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ក្រុមហ៊ុន ហួវៃ កម្ពុជា ប្រចាំឆ្នាំ២០២១» ក្នុងនោះមាននិស្សិតសរុបចំនួន៩នាក់ ទទួលបានមេដាយសំរឹទ្ធ មេដាយប្រាក់ និងមេដាយមាស ដែលបែងចែកជា ២វិញ្ញាសារនៃការប្រកួតប្រជែងរួមមាន Network Track និង Cloud Track។

កម្មវិធីនេះធ្វើឡើងក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក Charles Che នាយករងប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ កម្ពុជា និងនិស្សិតឆ្នើមទាំង២៥រូប នៅក្រុមហ៊ុន ហួវៃ កម្ពុជា ដោយផ្ទាល់ និថតាមរយៈអនឡាញ។

កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រុមហ៊ុន ហួវៃ គឺជាការប្រកួតប្រជែងបច្ចេកទេសរវាងនិស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅបណ្តាប្រទេសទូទាំងពិភពលោក និងជាការជួយសម្រួលដល់ការអភិវឌ្ឍទេពកោសល្យអន្តរជាតិ ក៏ដូចជាការផ្លាស់ប្តូររវាងទេពកោសល្យទាំងនោះផងដែរ។

កម្មវិធីប្រកួតប្រជែងនេះ បានចាប់ផ្តើមជាលើកដំបូងនៅក្នុងប្រទេសចិន និងបន្តពង្រីកទៅកាន់បណ្តាប្រទេសផ្សេងៗ ហើយបច្ចុប្បន្ននេះត្រូវបានប្រព្រឹត្តទៅនៅចំនួនជាង ៩០ប្រទេសរួចមកហើយ ក្រោមការសហការពីស្ថាប័នអប់រំជាន់ខ្ពស់ចំនួនជាង ២០០០ស្ថាប័ន និងចូលរួមដោយនិស្សិតសរុបប្រមាណ៦០,០០០នាក់។ នៅឆ្នាំ២០២១ ជាឆ្នាំដំបូងនៃការប្រារព្ធ «កម្មវិធីការប្រកួតប្រជែង ICT របស់ក្រុមហ៊ុន ហួវៃ នៅប្រទេសកម្ពុជា» ដោយមានការគាំទ្រ និងចូលរួមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាសាកលវិទ្យាល័យ និងស្ថាប័នជាដៃគូសហការក្នុងស្រុកផងដែរ។

បើតាមលោក សុខ សប្បាយណា បានបង្ហាញការកោតសរសើរចំពោះ ក្រុមហ៊ុន ហួវៃ កម្ពុជា ដែលបានរៀបចំការប្រកួតប្រជែងនេះឡើង ដែលមិនត្រឹមតែជួយលើក កម្ពស់ការអប់រំផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងការប្រកួត ប្រជែងនេះដែលជាវិធីមួយក្នុងការបង្កើនជំនាញ ICT របស់ពួកគេ និងដើម្បីបន្តបង្កើនជំនាញនាសតវត្សទី២១នេះ។ កម្មវិធីនេះក៏ជាបណ្តាញតភ្ជាប់មានប្រសិទ្ធិភាពរវាងឧស្សាហកម្ម និងសាកលវិទ្យាល័យ ជាពិសេសដើម្បីជួយនិស្សិតក្នុងការអភិវឌ្ឍការសហការប្រកបដោយនវានុវត្តនភាព ក៏ដូចជាផ្នត់គំនិតផ្នែកសហគ្រិនភាព។

លោក សុខ សប្បាយណា បានគូសបញ្ជាក់ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានឃើញការរីកចម្រើនរបស់និស្សិតក្នុងអំឡុងពេលនៃការប្រកួតប្រជែងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាសាក្សីភាពនៃភាពជោគជ័យរបស់ពួកគេនៅថ្ងៃនេះផងដែរ។ សូមអបអរសាទរយ៉ាងកក់ក្តៅ និងអស់ពីចិត្តចំពោះនិស្សិតទាំងអស់សម្រាប់ជោគជ័យនាថ្ងៃនេះ ហើយនេះក៏ជាឱកាសមួយដើម្បីអភិវឌ្ឍទេពកោសល្យ ICT បង្កើនការផ្ទេរចំណេះដឹង លើកកម្ពស់ការយល់ដឹង និងចំណាប់អារម្មណ៍មកលើវិស័យទូរគមនាគមន៍ឱ្យកាន់តែទូលំទូលាយជាងមុន ក៏ដូចជាលើកទឹកចិត្តដល់ការកសាងតំបន់ និងការចូលរួមនៅក្នុងសហគមន៍ឌីជីថលផងដែរ ដែលភាពជោគជ័យនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយរបស់និស្សិតទាំងអស់ទៅមុខតែប៉ុណ្ណោះ»។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងជាសង្ខេបអំពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមឆ្នាំ២០២១-២០៣៥ និងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល ក្នុងការជំរុញការប្រើប្រាស់ឌីជីថល និងការធ្វើឌីជីថលនីយកម្មទាំងស្ថាប័នសាធារណៈ និងឯកជន និងនៅគ្រប់វិស័យទាំងអស់។

លោកក៏បានបង្ហាញការអបអរសាទរដល់និស្សិតទាំងអស់ដែលបានបញ្ចប់កម្មវិធីប្រកួតប្រជែងនេះ។ លោកបានបន្ថែមថា ក្រសួងក៏បានផ្តល់ការណែនាំ និងអនុវត្តវិធានការគោលនយោបាយទាំងផ្នែកតម្រូវការ និងផ្គត់ផ្គង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូទេពកោសល្យឌីជីថល នៅកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បង្ហាញការទទួលស្គាល់ចំពោះក្រុមហ៊ុន ហួវៃ កម្ពុជា ដែលបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យាគមនាគមន៏និងព័ត៍មាននៅប្រទេសកម្ពុជា។

លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុន ហួវៃ កម្ពុជាក៏បានបន្តខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ICT រួមមានកម្មវិធីផ្ដល់វិញ្ញាបនបត្រដែលមានការទទួលស្គាល់ពីក្រុមហ៊ុនហួវៃ, កម្មវិធីគ្រាប់ពូជដើម្បីអនាគត និងការប្រកួតប្រជែង ICT នាថ្ងៃនេះ។ ទាំងនេះ គឺជាការអនុវត្តដ៏ល្អ និងជាគំរូសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជាគោលសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូទេពកោសល្យរបស់យើងនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ»

លោកបន្តថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងឡាយក្នុងការអភិវឌ្ឍទេពកោសល្យឌីជីថលនៅកម្ពុជា ហើយខ្ញុំក៏សូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យចូលរួមយ៉ាងសកម្ម និងផ្តួចផ្តើមសកម្មភាពគាំទ្របន្ថែមទៀតនាពេលអនាគត។ លើសពីនេះទៀតខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុន ហួវៃ និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតឱ្យសហការជាមួយមជ្ឈមណ្ឌល start-up ផ្នែកបច្ចេកវិទ្យារួមមានដូចជា៖ CADT, មជ្ឈមណ្ឌល ATC នៅសាកលវិទ្យាល័យ AUPP និង start-up ដទៃផ្សេងទៀតក្នុងការផ្តល់យោបល់ណែនាំ និងផ្តល់ហិរញ្ញប្បទានដល់យុវជនក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំដល់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សានៅវិទ្យាល័យ ឱ្យជ្រើសរើសមុខជំនាញបច្ចេកវិទ្យាគមនាគមន៍ និងឌីជីថល សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ»

ពិធីបិទនេះបានបញ្ចប់ជាមួយពិធីប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជូនដល់និស្សិតទាំងអស់ នៅក្រុមហ៊ុនផ្ទាល់ និងការចូលរួមរបស់ក្រសួង សាកលវិទ្យាល័យ និងឧស្សាហកម្មផ្សេងទៀត តាមរយៈប្រព័ន្ធអនឡាញផងដែរ៕