(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាម័ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា រួមជាមួយលោកសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិ វេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្រ្តបុរាណចិន និងដើម្បីពង្រឹងសមត្ថភាពវិស័យវេជ្ជសាស្ត្របុរាណកម្ពុជាផងដែរ។

ក្នុងឱកាសចុះពិនិត្យនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះលោកសាស្រ្តាចារ្យ Huang Luqi បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យដ៏ធំស្គឹមស្គៃ ដែលបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដ៏ទំនើបដំបូងគេនៅកម្ពុជា។
រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសុខាភិបាលកម្ពុជា ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ជូលវេជ្ជសាស្រ្តបុរាណចិន។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកលើវិស័យឱសថបុរាណ ដើម្បីជំរុញវឌ្ឍនភាពវិស័យសុខាភិបាល នៃប្រទេសទាំងពីរ។

លើសពីនេះទៀត លោកស្រីរដ្ឋលេខាធិការ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការថ្មីនេះ ព្រមទាំងបានស្នើដល់ភាគីចិន តាមរយៈ លោកឯកអគ្គរដ្ឋទូត ជួយបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវះកាត់បេះដូង និងសួត នៅមន្ទីរពេទ្យនេះ ។

ទន្ទឹមនឹងនោះ ភាគីមិត្តចិន បានទទួលយកសំណើរបស់លោកស្រីរដ្ឋលេខាធិការ ដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល នៅកម្ពុជា ជាពិសេសគឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈឱ្យឈានមុខគេក្នុងបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕