(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២០ម៉ឺននាក់ ថយចុះដល់ទៅ៨៥% ប្រសិនបើធៀបនឹងឆ្នាំ២០២០កន្លងទៅ។

គួរជម្រាបថា កាលពីឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកទៅហើយ ហើយនៅឆ្នាំ២០២១កន្លងទៅ ក៏នៅតែបន្តធ្លាក់ចុះថែមទៀត នេះក៏ដោយសារប្រទេសកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោកនៅមិនទាន់ធូរស្រាលពីវិបត្តិនៃការរីករាលដាលជំងឺកូវី១៩នៅឡើយ។ មិនតែប៉ុណ្ណោះ ជំងឺដ៏កាចសាហាវនេះក៏មានការបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ ដូចជា ប្រភេទ Alpha, Beta, Delta ជាដើម។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិចំនួន១៩៦,៤៩៥នាក់ ថយចុះ៨៥% ប្រសិនបើធៀបនឹងឆ្នាំ២០២០»

ក្នុងចំណោមភ្ញៀវអន្តរជាតិជិត២០ម៉ឺននាក់នោះ អ្នកមកតាមផ្លូវអាកាសមានចំនួន៩៩,៨២៩នាក់ ថយចុះ៨៦.៨% និងអ្នកមកតាមផ្លូវគោកមានចំនួន៩៦,៦៦៦នាក់ ថយចុះ៨២.៤% រីឯភ្ញៀវទេសចរដែលចូលមកតាមផ្លូវទឹកវិញនោះ គឺគ្មានឡើយនៅក្នុងឆ្នាំ២០២១នោះ។

របាយការណ៍ដដែលក៏បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេស គឺមានចំនួន៣០,៥១៧នាក់ ថយចុះ៩០.៦% បើធៀបនឹងឆ្នាំ២០២០។ ជាមួយគ្នានោះ ក៏មានភ្ញៀវបរទេសដែលចេញពីកម្ពុជា១៨៣,៦០៨នាក់ផងដែរ។

របាយការណ៍របស់ក្រសួងទេសចរណ៍ក៏បានបង្ហាញស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងផងដែរ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៤,៦៦៣,០៨២នាក់ ថយចុះ៣៥.៥% និងភ្ញៀវអន្តរជាតិដែលស្នាក់នៅកម្ពុជាមានចំនួន២៧៩,២៧៨នាក់ ថយចុះ៨៤.៦% បើធៀបនឹងឆ្នាំ២០២០កន្លងទៅ៕

ខាងក្រោមនេះជារបាយការណ៍របស់ក្រសួងទេសចរណ៍៖