(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅក្នុងភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការសាទរ និងថ្លែងអំណរគុណលោកចៅក្រម ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលឈ្មោះ អឿន ធួន ករណីលួចធ្វើប្លង់ក្លែងក្លាយលួចយកដីរបស់ពួកគាត់។

សូមជម្រាបថា លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ អឿន ធួន ហៅ ចាន់ នី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមបទចោទ «គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ» ក្នុងការទិញលក់ដីទំហំ២៧ហិកតា ប្រព្រឹត្តនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២១ យោងតាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ។

ជននេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកចៅក្រម ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។

ដើមចមដែលឈានដល់ការចាប់ខ្លួនឈ្មោះ អឿន ធួន ដែលគេស្គាល់ថា ជនឈ្មួញដីធ្លីសំបូររឿងអាស្រូវ និងបង្កបញ្ហាមិចចេះចប់ក្នុងខេត្តកំពង់ស្ពឺរូបនេះ គឺដោយសារតែកាលពីអំឡុងឆ្នាំ២០២០ ជនល្មើសបានលួចក្លែងឯកសារ ប្លង់ដីយកដីរបស់ប្រជាពលរដ្ឋជាង១០០គ្រួសារ ស្ថិតនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ទំហំ២៧ហិកតា ដោយឯកសារនោះគឺមានអាជ្ញាធរភូមិឃុំ ក្នុងខេត្តតាកែវជាអ្នកចុះហត្ថលេខ។

ជនត្រូវចោទមានឈ្មោះ ធឿន ធួន ហៅ ចាន់ នី ហៅ ម៉ាប់ ធ្លាប់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅបានចាប់ខ្លួនបញ្ជូនទៅឲ្យតុលាការ ដាក់ពន្ធនាគារម្ដងរួចមកហើយ ពាក់ព័ន្ធបទល្មើសឆបោកក្នុងរឿងទិញលក់ដីម្ដុំផ្លូវជាតិលេខ៤១ ប៉ុន្តែបន្ទាប់ពីជាប់ពន្ធនាគារបានប៉ុន្មានខែតែប៉ុណ្ណោះ ក៏ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។

បច្ចុប្បន្ន ក្រៅពីសំណុំរឿងដែលកំពុងជាប់គុកនេះ ជនត្រូវចោទឈ្មោះ ធឿន ធួន ក៏កំពុងជាប់បណ្ដឹងជាច្រើនទៀតផងដែរ នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅក្នុងនោះសំណុំរឿងរំលោភលើទំនុកចិត្ត និងចេញសែកស្អុយ កំពុងស្ថិតក្រោមចំណាត់ការរបស់លោកស្រីចៅក្រម ស៊ លីនណា៕