(កណ្ដាល)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គស្នួល អមដំណើរដោយ លោក ខុន សេរីរដ្ឋា អភិបាលស្រុក នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ កន្លងថ្មីៗនេះ សរុបចំនួន ៩៦៨នាក់ មកពី៥វិទ្យាល័យទូទាំងស្រុកអង្គស្នួល នៅវិទ្យាល័យ ហ៊ុន សែនអង្គស្នួល និងនៅវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូ បានមានប្រសាសន៍កោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់មធ្យោបាយ ទាំងតាមអនឡាញ និងបង្រៀនដោយផ្ទាល់ ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ១៩ រហូតសិស្សានុសិស្ស បានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ថ្មីៗនេះ។

លោករដ្ឋមន្រ្តីប្រតិភូ បានមានប្រសាសន៍កោតសរសើរចំពោះសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រកន្លងមក រហូតបានចូលរួមប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ដែលមានលទ្ធផលប្រឡងជាប់ទូទាំងស្រុក ជាមធ្យមភាគ ៧១.០៤% និងលើកទឹកចិត្តឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ខិតខំសិក្សារៀនសូត្រចំណេះជំនាញ នៅមហាវិទ្យាល័យជាបន្តទៀត ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ និងជាបញ្ញវ័ន្ដ នាពេលអនាគតដ៏ខ្លីខាងមុខនេះ និងយកចំណេះជំនាញទាំងនោះ ទៅចូលរួមចំនែកអភិវឌ្ឍន៍ជាតិមាតុភូមិដ៏បវរនៃយើង។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រតិភូ បានឧបត្ថម្ភជាថវិកា និងសម្ភារៈជារង្វាន់លើកទឹកចិត្ត ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលទើបតែប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ដូចខាងក្រោម៖

* ជូនលោកគ្រូ អ្នកគ្រូនិងគណៈគ្រប់គ្រង វិទ្យាល័យ ៣ដែលជាប់៧០% ឡើង៥៦នាក់ គុណ២០០ដុល្លារ ស្មើ១១,២០០ដុល្លារ
* ជូនលោកគ្រូ អ្នកគ្រូនិងគណៈគ្រប់គ្រង វិទ្យាល័យ ដែលជាប់៧០% ចុះ៦១នាក់ គុណ១០០ដុល្លារ ស្មើ៦,១០០ដុល្លារ
* ជូនសិស្សប្រឡងជាប់ ៦៨២នាក់ គុណ២០០,០០០រៀល ស្មើ១៣៦,៤០០,០០០រៀល
* ចំណាយរៀបចំកម្មវិធី ៧០០,០០០រៀល
* ចូលបុណ្យសពសិស្ស ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍១នាក់ នៅវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ១,០០០,០០០រៀល៕