(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ជំរុញឲ្យមន្ត្រីមូលដ្ឋានរបស់ខ្លួន ត្រូវបង្កើនប្រសិទ្ធភាពការងារក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដោយមិនត្រូវបណ្តោយឲ្យកើតមានចលនាផ្សេងៗដែលជះឥទ្ធិពលដល់សន្តិភាពឡើយ។

ការថ្លែងដូច្នេះ របស់លោកបណ្ឌិត ម៉ា ឈឿន បានធ្វើឡើងនៅក្នុងសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តន៍បន្តឆ្នាំ២០២២ របស់គណកម្មាធិការបក្សស្រុកជើងព្រៃ នាព្រឹកថ្ងៃទី២២ មករា ឆ្នាំ២០២២នេះ។

តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន
ក៏បានណែនាំដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចគ្រប់ផ្នែក ត្រូវធានាឲ្យបាន លើភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដាច់ខាតមិនត្រូវឲ្យកើតមានចលនា ប្រឆាំងទាំងឡាយ ដែលគម្រាមកំហែងដល់សន្តិភាពរបស់ប្រទេសជាតិឡើយ។
ជាពិសេសជំរុញឲ្យបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់ឲ្យខាងតែបាន នូវអំពើដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសេចក្តីសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា គ្រឿងញៀន ជល់មាន់ល្បែងស៊ីសងគ្រប់ប្រភេទ ចោរកម្ម អំពើឆក់ប្លន់ ជាដើម មិនត្រូវឲ្យកើតមានឡើង ធ្វើយ៉ាងណាធានាថាឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត គ្មានការភ័យខ្លាចអំពីអសន្តិសុខឡើយ។

លើសពីនេះ ត្រូវមានឆន្ទះជាអ្នកបម្រើដ៏ស្មោះត្រង់ និងគំរូរបស់ប្រជាពលរដ្ឋ ដោយខិតខំជួយដោះស្រាយនូវរាល់សេចក្តីត្រូវការចាំបាច់ជូនប្រជាពលរដ្ឋ ជាពិសេសខិតខំបម្រើសេវាសាធារណៈឲ្យបានល្អ ដោយមិនត្រូវគិតយប់ថ្ងៃនោះឡើយ។

លោកបណ្ឌិត ម៉ា ឈឿន ក៏បានជំរុញឲ្យខិតខំធ្វើនូវដំណើរល្អ ចេះជួយទុក្ខធុរៈ និងជួយយកអាសារចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាកផ្សេងៗ ទាំងជនចាស់ជរាគ្មានទីពឹង ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនក្រីក្រដែលមានជំងឺផ្សេងៗ។

ជាមួយគ្នានេះ ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២នេះ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅឆ្នាំ២០២៣ខាងមុខ តំណាងរាស្ត្រដ៏ឆ្នើមរូបនេះ បានក្រើនរំលឹកដល់មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍នីមួយៗ ត្រូវពិនិត្យមើលតាមមូលដ្ឋានរបស់ខ្លួន បើប្រជាពលរដ្ឋណាដល់អាយុបោះឆ្នោតហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណ ត្រូវធ្វើជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់ទៅបោះឆ្នោត និងសម្រាប់ប្រើប្រាស់ បម្រើការងារ ឬការប្រកបរបររកស៊ីផ្សេងៗ។

ក្នុងឱកាសនោះផងដែរ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានប្រកាសផ្តល់អាហារូប ករណ៍៥០កន្លែង សម្រាប់ថ្នាក់បរិញ្ញាប័ត្ររង និងថ្នាក់ បរិញ្ញាប័ត្រ ដល់កូនចៅប្រជាពលរដ្ឋនៅស្រុកជើងព្រៃ៕