(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពស្តីពីរបៀបសរសេរព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានផ្តល់វិញ្ញាបនបត្រដល់សិក្ខាកាមប្រមាណជាង៣០នាក់ ដែលបានចូលរួមសិក្សាក្នុងវគ្គនេះ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការសិក្សារយៈពេល៣ខែមកនេះ។

ពិធីចែកវិញ្ញាបនបត្រនេះ បានរៀបចំឡើង នៅស្នាក់ការអង្គភាពព័ត៌មាន Fresh News ក្រោមអធិបតីភាព លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និងលោកគ្រូ ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន (FTC) រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិក សិក្ខាកាម និងភ្ញៀវកិត្តិយសមួយចំនួន។

រយៈពេល៣ខែមកនេះ វគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មាន របស់ Fresh News បានបង្ហាត់បង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការសរសេរអត្ថបទដំណឹង ( Spot News), ការធ្វើបច្ចុប្បន្នភាពព័ត៌មាន (News update or News developing), ការសរសេរបទយកការណ៍ (News Feature) ការសរសេរទស្សនៈ អត្ថបទវិភាគ និងវិចារណកថា ជាដើម។

វគ្គបណ្តុះបណ្តាលនេះមានការបង្រៀនដោយផ្ទាល់ពីប្រធានមជ្ឈមណ្ឌល«FTC» លោកគ្រូ ម៉ារ យ៉ារិទ្ធ ដែលជាអ្នកជំនាញលើវិស័យព័ត៌មាន និងបានប្រឡូក ក្នុងវិស័យ សារព័ត៌មាន អស់រយៈពេលជាង៣០ឆ្នាំមកហើយ។

ព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការ បង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មានជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជាផងដែរ៕