(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសន្និបាតរបស់គណបក្សឃុំទាំង៩ ក្នុងស្រុក ដែលទើបបញ្ចប់កន្លងទៅថ្មីៗនេះ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ នៅរសៀលថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារស្រុក ប្រធាន និងសមាជិកក្រុមការងារឃុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធាននិងសមាជិកគណៈកម្មាធិការបក្សឃុំទាំង៩ មេឃុំ គណៈសាខាបក្សភូមិទាំង១០៨ និងមន្រ្តីមូលដ្ឋានមួយចំនួនទៀតសរុបអ្នកចូលរួមប្រមាណជាង ៤០០នាក់។

បន្ទាប់ពី លោក ម៉ៅ អ៊ាង ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ បានធ្វើសេចក្តីរាយការណ៍បូកសរុបលទ្ធផលការងារសន្និបាតរបស់គណៈកម្មាធិការគណបក្សឃុំទាំង៩ និង ការ ចូលរួមមតិយ៉ាងផុលផុសពីតំណាងមួយចំនួនរបស់ឃុំនិងក្រុមការងាររួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានថ្លែងអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារល្អប្រសើររបស់ឃុំ នីមួយៗ ដែលបានឆ្លុះបញ្ចាំងតាមរយៈការត្រួតពិនិត្យបូកសរុបការងាររយៈពេល ៥ឆ្នាំកន្លងទៅ និងការអនុម័តផែនការអភិវឌ្ឍន៍មូលដ្ឋានសំរាប់៥ឆ្នាំបន្ត (២០២២ -២០២៧)។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានថ្លែងគូសបញ្ជាក់ជូនអង្គប្រជុំទាំងមូលថា ផ្អែកលើលទ្ធផលល្អប្រសើរកន្លងមកនេះ យើងត្រូវបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវរាល់ សកម្មភាពការងារតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ទូទាំងប្រទេស ដែលនៅសល់រយៈពេលតែ៤ខែទៀតប៉ុណ្ណោះ ដោយត្រូវប្រមូលផ្តុំខិតខំពុះពារសំរេចឱ្យបាននូវការងារជាអាទិភាពទាំង៣ ដូចខាងក្រោម៖

១. ត្រូវយកចិត្តទុកដាក់ផ្សារភ្ជាប់ជាប្រចាំជាមួយសមាជិកតាមក្រុមបក្ស និងគ្រួសារបក្សនីមួយៗ រួមទាំងប្រជាពលរដ្ឋជាទូទៅ ដោយខិតខំគ្រប់គ្រង និងពង្រីកមូលដ្ឋានស្នូលគណបក្សក្នុងសហគមន៍ភូមិ ពិសេស មុខសញ្ញាជាចំណាកស្រុក និងយុវវ័យ ដើម្បីធានាកំលាំងសរុបរឹងមាំគាំទ្រគណបក្សក្នុងពេលបោះឆ្នោតខាងមុខ។

២. ត្រូវជំរុញផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់របស់គណបក្សឱ្យបានជ្រួតជ្រាបស៊ីជម្រៅ ផ្សារភ្ជាប់ជាក់ស្តែងជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមមុខសញ្ញានីមួយៗមជ្ឈដ្ឋាននីមួយៗ នៅតាមមូលដ្ឋាននីមួយៗ ដោយខិតខំធ្វើឱ្យអ្នកបោះឆ្នោតម្នាក់ៗយល់ច្បាស់ និងជឿជាក់ថា វាសនាអនាគតរបស់ពួកគាត់ និងក្រុមគ្រួសារ គឺផ្អែកទាំងស្រុងលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុង ការបោះឆ្នោតនាពេលខាងមុខ។

៣. ត្រូវរស់នៅ និងបំពេញការងារបម្រើប្រជាជនតាមគន្លងប្រក្រតីភាពថ្មី សកម្មពុះពារដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តចូលរួមចលនាជាតិប្រយុទ្ធគ្រប់គ្រង និងដោះស្រាយរាល់ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ សម្រាប់គាំទ្ររឹងមាំការបើកសេដ្ឋកិច្ចនិងសង្គមជាតិឡើងវិញ ដោយប្តេជ្ញាយ៉ាងពេញទំហឹងប្រែក្លាយការបំពេញភារកិច្ចនយោបាយនេះ ឱ្យទៅជាឱកាសជំរុញសកម្មភាពជាក់ស្តែងនៃអំពើល្អគ្រប់យ៉ាង ដើម្បីផ្សារភា្ជប់ រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

យើងទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំថាក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា យើងពិតជាសំរេចបានភារកិច្ចនយោបាយសំខាន់ៗ ដើម្បី ពង្រឹង និងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជំនះសំរាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខជាក់ជាមិនខាន៕