(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ ត្រៀមរៀបចំរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីបើកទទួលភ្ញៀវទេសចរ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ បន្ទាប់ពី រមណីដ្ឋាននេះ បានផ្អាកជាបណ្តោះអាសន្ន ក្នុងការស្ថាបនាផ្លូវឡើងទៅ និងបានធ្វើកែលំអរ បរិស្ថានមួយចំនួនធំ ដើម្បីជាសោភ័ណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ឲ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិន ឲ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង។

លោកស្រី បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវ បានណែនាំឲ្យយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី រៀបចំទីសក្ការៈគោរពបូជា សួនផ្កាចម្រុះព៌ណ ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ។

ក្នុងឱកាសនោះផងដែរ លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ៕