(តាកែវ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ អ្នកឧកញ៉ា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ និងជាក្រុមការងារគណបក្ស បានអញ្ជើញចុះជួបសំណេះសំណាល និងប្រកាសទទួលស្គាល់អតីតសមាជិកគណបក្សសង្គ្រាះជាតិ ដែលស្មោះចិត្តមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា មកពីស្រុកអង្គរបូរី ស្រុកត្រាំកក់ ស្រុកគីរីវង់ និងក្រុងដូនកែវ ចំនួន៣៤៤នាក់។

លោក អ៊ូច ភា ក៏បានមានមតិស្វាគមន៍ផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលឃើញវត្តមានរបស់បងប្អូននៅថ្ងៃនេះ និងលើកទឹកចិត្តឲ្យបងប្អូន ដែលជាអតីតសមាជិក របស់គណបក្សប្រឆាំងទាំងអស់ ជឿទុកចិត្តក្នុងការចុះចូលរួមមាគ៌ាជាមួយ គណបក្សប្រជាជនកម្ពុជា ហើយលោកគាំទ្រយ៉ាងពេញទំហឹង នូវបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅពេលថ្ងៃអនាគតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា លី សាម៉េត បានសំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្ត នៅពេលដែលបានជួបបងប្អូនទាំងអស់គ្នា នៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ា ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជា ចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុតហើយបន្តរួមគ្នា កសាង និងធ្វើការអភិវឌ្ឍឲ្យ រីកចម្រើនជាមួយគ្នា ក្រោមដំបូលសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

នាឱកាសនោះផងដែរ សមាជិកទាំងអស់ដែលបានចូលរួមជាមួយ និងគណបក្សប្រជាជននៅថ្ងៃនេះ ក៏បានធ្វើការប្ដេជ្ញាចិត្តថា នឹងចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា បម្រើសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនមានការកែប្រែជារៀងរហូត៕