(កំពង់ធំ)៖ លោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំការរៀបចំសន្និបាតពេញសិទ្ធិគណៈកម្មាធិការគណបក្សឃុំស្រឡៅ នៅទីស្នាក់ការគណបក្សឃុំស្រឡៅ ស្របតាមស្មារតីគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ ក៏មានការឡើងអានរបាយការណ៍បូកសរុបលទ្ធផលស្នាដៃអាណត្តិទី៤ និងទិសដៅភារកិច្ចអនុវត្តបន្ត ព្រមទាំងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២-២០២៧ ក្នុងអាណត្តិទី៥ របស់គណបក្សឃុំស្រឡៅ ហើយក៏មានការបង្ហាញមុខបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំស្រឡៅ អាណត្តិទី៥ (ទាំងពេញសិទ្ធិ និងបម្រុង) ប្រកបដោយភាពជឿជាក់ទុកចិត្ត ឯកភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានស្ដាប់របាយការណ៍ខាងលើរួចមក លោក ថោង ខុន បានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនសម្រាប់បន្តការងារគណបក្សនៅឃុំស្រឡៅនៅអាណត្តិទី៥ ក្នុងនោះចំណុចសំខាន់បំផុតដែលលោកចង់ឱ្យសមាជិកគណបក្សខិតខំបន្តនោះ គឺការផ្ដល់សេវាសាធារណៈជូនប្រជាជនឱ្យបានល្អប្រសើរ រហ័សទាន់ចិត្ត មានតម្លាភាព និងកុំប្រព្រឹត្តអំពើស៉ីសំណូកសូកប៉ាន់។ លោកបានលើកឡើងថា «ស្រុកប្រជាធិបតេយ្យ អ្នកណាយកចិត្តប្រជាជនបាន គឺឈ្នះ នេះជាយុទ្ធសាស្ត្រក្នុងការទាក់ទាញការគាំទ្រពីប្រជាជន»។

លោកបានណែនាំឱ្យសមាជិកបន្តត្រូវក្ដាប់ជាប់គោលដៅចម្បងបំផុតរបស់គណបក្ស នោះគឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងឃុំទាំងមូល និងធានានូវបរិយាកាសសន្តិភាព ស្ថិរភាពទូទាំងឃុំ ដើម្បីឲ្យប្រជាជនរស់នៅប្រកបដោយសុខដុមរមនា និងមានជីវភាពរស់នៅសម្បូរធូរធា។

ទន្ទឹមនឹងនេះ ត្រូវគិតគូរត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៥ ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់ជំរុញក្រុមការងារថ្នាក់ឃុំ ថ្នាក់ភូមិ ក្រុម ដើម្បីធ្វើសកម្មភាពរបស់គណបក្សជាប្រចាំ។

សមាជិកគណបក្សត្រូវយល់ច្បាស់ថា បើគ្មានការដឹកនាំខាងនយោបាយត្រឹមត្រូវ គ្មានការឯកភាពគ្នាខាងទស្សនៈ គោលជំហរ សតិអារម្មណ៍ និងគ្មានការចាត់តាំងរឹងមាំរបស់គណបក្សនៅគ្រប់ថ្នាក់នោះទេ គឺគណបក្សមិនអាចរក្សាអាទិភាពរបស់ខ្លួនមកដល់ពេលនេះបានទេ។

លោក ថោង ខុន បានផ្ដាំផ្ញើបន្តទៀតថា សមាជិកទាំងអស់គ្នាត្រូវខិតខំអនុវត្តរាល់ភារកិច្ចកសាង ពង្រឹងគណបក្ស តាមទិសដៅដែលសន្និបាតបានកំណត់គឺ៖

* ពង្រឹងការគ្រប់គ្រងអង្គការចាត់តាំងគណបក្សនៅថ្នាក់ឃុំ ភូមិ ក្រុម ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ក្ដាប់តួនាទីភារកិច្ចរបស់ខ្លួន និងមានរបៀបរបបធ្វើការងារច្បាស់លាស់ ជាពិសេសត្រូវធានាអនុវត្តរបបប្រជុំជីវភាពឲ្យបានទៀងទាត់។

* ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សខាងនយោបាយ សតិអារម្មណ៍ បន្តជំរុញខ្លាំងក្លាការកសាង ពង្រឹងបក្ស ពិសេសក្នុងគ្រប់ស្រទាប់យុវជន។

* មន្រ្តីគណបក្សត្រូវមានអត្តចរិកស្មោះត្រង់ ស្អាតស្អំ សកម្មការងារ សាមញ្ញ ត្រូវមានការត្រួតពិនិត្យ និងការអនុវត្តន៍វិន័យយ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្តីខុសឆ្គង។

* ពង្រឹងគុណភាពមន្រ្តីគណបក្សឲ្យមានគុណធម៌ និងសមត្ថភាពដែលជាកត្តាជ័យជម្នះ។

* ក្រោយសន្និបាតនេះ គណៈកម្មាធិការគណបក្សឃុំស្រឡៅនិង ក្រុមការងារបក្ស ចុះជួយឃុំ ត្រូវចាត់ចែងផ្សព្វផ្សាយលទ្ធផលនៃអង្គសន្និបាតឲ្យបានជ្រួតជ្រាបដល់សមាជិកគណបកក្សនិង ប្រជាជនគ្រប់រូបនៅតាមបណ្ដាភូមិ ក្រុម។

* ចុះជំរុញការផ្សព្វផ្សាយ អប់រំ ណែនាំអំពីការគោរពច្បាប់ដល់ប្រជាជន យុវជន សិស្សនុសិស្ស ទាំងច្បាប់ចរារណ៍ ច្បាប់ព្រហ្មទណ្ឌ និងច្បាប់នានា ពិសេសគឺចូលរួមពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

* ពង្រឹងការអនុវត្តវិធានការ «៣-ការពារ និង ៣-កុំ» ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត ក៏ត្រូវជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នាផងដែរ ពិសេសគឺដូសទី២ និងដូសទី៣ (ដូសជំរុញ)។

គួរជម្រាបថា នៅក្នុងកម្មវិធីសន្និបាតពេញសិទ្ធិគណៈកម្មាធិការគណបក្សឃុំស្រឡៅនាថ្ងៃនេះដែរ ក៏អមដោយកម្មវិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រឡៅផងដែរ។ លោក ថោង រដ្ឋសក្តិ ប្រធានក្រុមការងារចុះជួយឃុំស្រឡៅ បានរាយការណ៍ឱ្យដឹងថា ការសាងសង់អគារទីស្នាក់ការនេះចំណាយថវិកាសរុបចំនួន៤៤,៥០០ដុល្លារ ក្នុងនោះក៏មានការកសាងរបងព័ទ្ធជុំវិញទីស្នាក់ការគណបក្ស និងការដាំផ្កាលម្អសោភ័ណភាពជុំវិញទីស្នាក់ការ។

នាឱកាសនោះ លោក ថោង ខុន បានឧបត្ថម្ភថវិកាចំនួន២លានរៀលដល់គណបក្សឃុំស្រឡៅ។ លោក ជា ចាន់តូ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន២លានរៀលសម្រាប់ការរៀបចំសន្និបាតគណបក្សឃុំស្រឡៅ។ ជាមួយគ្នានោះ ក្រុមការងារគណបក្សឃុំស្រឡៅបានឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់គណបក្សឃុំសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងភ្នាក់ងារគណបក្សប្រចាំការពេលចុះឈ្មោះបោះឆ្នោតខាងមុខផងដែរ៕