(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០១៧-២០២២) និងកំណត់គោលនយោបាយអភិវឌ្ឍន៍បន្តរបស់គណបក្ស នៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

នៅក្នុងឱកាសនោះ លោកស្រី កុយ ពិសី បានជំរុញឱ្យថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំនេះ បន្តខិតខំអនុវត្តតាមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ដោយមិនប្រកាន់និន្នាការគណបក្ស។

លោកស្រីបណ្ឌិត ក៏លើកឡើងអំពីកិច្ចការសំខាន់មួយចំនួនដែលសមាជិកសមាជិការត្រូវបន្តយកចិត្តទុកដាក់បន្តទៀត ដោយក្នុងនោះមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ផងដែរ។ ដោយឡែកទាក់ទងនឹង ស្ថានភាពរីករាលដាលជំងឺកូវីដ១៩ វិញលោកស្រីបណ្ឌិត បានលើកឡើងថា ពេលនេះការរាតត្បាតនៅកម្ពុជាបានធូរស្រាលយ៉ាងខ្លាំង ដោយមានអ្នកឆ្លងតិចតួចប៉ុណ្ណោះ ហើយគ្មានអត្រាស្លាប់នោះទេរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈប្រទេសកម្ពុជា ត្រូវបានប្រកាសបើកដំណើរការគ្រប់វិស័យឡើងវិញ។

បន្ទាប់ពីបញ្ចប់ការចូលរួមបោះឆ្នោតសាកល្បងហើយ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានចុះពិនិត្យមើលសមិទ្ធផលមួយចំនួននៅក្នុងឃុំនេះផងដែរ៕