(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា សព្វថ្ងៃក្នុងពេលដែលពិភពលោកស្ថិតនៅលើម្រាមដៃផ្ទាល់របស់យើងម្នាក់ៗនេះ បើពោលអំពីលំហូរវប្បធម៌ប្រពៃណីភាសារបស់ពួកអ៉ឺរ៉ុប ឬពួកស្បែកសមិនថាព្រះនគរខ្មែរ ឬបណ្ដាព្រះនគរនៃជាតិសាសន៍ណាៗនោះទេ គឺពួកគេបានទទួលឥទ្ធិពលពីពួកអ៉ឺរ៉ុប ឬពួកស្បែកសទាំងនេះទៅតាមស្ថានភាពនៃជាតិសាសន៍នីមួយៗ ក្នុងនោះបុរេអាពាហ៍ពិពាហ៍ Pre-Wedding ក៏កំពុងក្លាយជាទំនោរដ៏ពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ក៏ដូចជាប្រពៃណីអាពាហ៍ពិពាហ៍នៃបណ្ដាជាតិសាសន៍នានាលើពិភពលោកសំរាប់គូស្នេហ៌មួយគូៗយ៉ាងស្រស់បំព្រង និងរស់រវើក។

ពាក្យថា «វប្បធម៌» គឺជាការសាបព្រោះហើយឆ្លងទៅឆ្លងមកមិនខុសពីសម័យបុរាណដែលខ្មែរយើងបានទទួលឥទ្ធិពលពីពពួកឥណ្ឌានោះទេ តែអ្វីដែលគេចាប់អារម្មណ៌នោះត្រង់ថា តើខ្មែរយើងសម័យទំនើបនេះចេះសំយោគដូចបុព្វបុរសខ្លួន ឬយ៉ាងណាតែប៉ុណ្ណោះ។

លោក រត្ន័ សណ្ដាប់ បន្ដថា បើពោលអំពីអត្ថន័យបុរេអាពាហ៍ពិពាហ៍ Pre-Wedding ដែលកំពុងក្លាយជាទំនោរដ៏ពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរក៏ដូចជា ប្រពៃណីអាពាហ៍ពិពាហ៍នៃបណ្ដាជាតិសាសន៍នានាលើពិភពលោក ដូចយើងបានឃើញនេះ គឺជាការថតរូប ឬថតជាឃ្លីបវីដេអូទៅតាមវប្បធម៌ប្រពៃណីប្រវត្ដិសាស្រ្ដនៃជាតិសាសន៍នីមួយៗ ដើម្បីឲ្យពិធីអាពាហ៍ពិពាហ៍កាន់តែមានសម្រស់និងមានភាពអធិកអធមថែមទៀត។

ដោយឆ្លុះបញ្ចាំងអំពីសេចក្ដីស្រទ្បាញ់ពេញបេះដូងនៃចំណងខ្សែជីវិតគូស្នេហ៌មុនអាពាហ៍ពិពាហ៍ ជាឈុតខ្លីមួយមានរយ:ពេលចន្លោះពី២ទៅ៣នាទីកន្លះ ដោយបង្ហាញនូវទឹកមុខស្រស់ញញឹមចេញពីបេះដូងភាពផ្អែមល្ហែមរ៉ូម៉ង់ទិក និងពោរពេញទៅដោយសេចក្តីសុខ សុភមង្គលយ៉ាងស្រស់បំព្រងនៃគូស្នេហ៌។ ព្រោះជាពេលវេលារំលឹកឡើងវិញឲ្យចងចាំមិនភ្លេចនូវសេចក្ដីស្រទ្បាញ់ពិតៗរបស់គូជីវិតស្វាមីភរិយា ដើម្បីទុកជាអនុស្សាវរីយ៍តរៀងទៅ។ បានន័យថា បុរេអាពាហ៍ពិពាហ៍ Pre-Wedding ប្រៀបដូចជា ខ្សែភាពយន្ដនិទានអំពីឋានសួគ៌នៃសេចក្ដីស្នេហាវេញធ្លុងចូលគ្នាតែមួយគ្មានពីរក្នុងលោក ដែលបានសាងជាមួយគ្នាតាំងពីបុព្វេសន្និវាសពុំអាចគណនាអស់ ដែលជាគូព្រេងបានក្លាយជាគូជីវិតស្វាមីភរិយា ហើយរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខឋិតថេរតរៀងទៅ។

បើពោលអំពីគោលគំនិតនៃបុរេអាពាហ៍ពិពាហ៍ Pre-Wedding គឺ៖
ទីមួយ៖ គំនិតប្រពៃណី ជាគំនិតស្វែងយល់ពីឬសគល់នៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ប្រវត្ដិសាស្រ្ដ ដោយប្រកាន់ខ្ជាប់នូវសម្លៀកបំពាក់តាមបែបប្រពៃណីដើម្បីឲ្យស័ក្តិសមនឹងពិធីមង្គលការដ៏អធិកអធិម។
ទីពីរ៖ ទីតាំង ជាការជ្រើសរើសទីតាំងវប្បធម៌ ប្រវត្ដិសាស្រ្ដ សួនកំសាន្ដដើម្បីបង្ហាញពីអារម្មណ៍ដ៏ស្រស់ថ្លានៃសេចក្ដីសុខ សុភមង្គលរបស់គូជីវិតស្វាមីភរិយា។
ទីបី៖ ការផ្សព្វផ្សាយ ជារូបថតឬជាឃ្លីបវីដេអូ ដែលសាមីខ្លួនចាក់បញ្ចាំងនៅក្នុងពិធីអាពាហ៍ពិពាហ៍ ឬបង្ហោះក្នុងបណ្ដេញសង្គមជាសាធារណ:ដ៏ស្រស់ត្រកាលទៅកាន់ពិភពលោក។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ចំពោះបុរេអាពាហ៍ពិពាហ៍ Pre-Wedding ដែលកំពុងក្លាយជាទីពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់បណ្ដាជាតិសាសន៍នានាលើពិភពលោក ដូចយើងបានឃើញនេះ បើថ្លែងពីទីតាំងរម្មណីដ្ឋានប្រវត្ដិសាស្រ្ដសំខាន់ៗនៃពិភពលោក ក៏កំពុងក្លាយជាទីចាប់ចិត្ដដិតអារម្មណ៍នៃក្ដីសុបិន្ដរបស់គូជីវិតស្វាមីភរិយាដើម្បីថត រូប ឬថតជាឃ្លីបវីដេអូ បុរេអាពាហ៍ពិពាហ៍ Pre-Wedding យ៉ាងដូច្នោះដែរ។

ដូច្នេះសម្រាប់ព្រះនគរខ្មែរយើង រម្មណីដ្ឋានប្រាសាទអង្គរវត្ដ ជាអតីតរាជធានីនៃចក្រភពខ្មែរដ៏ស្រស់បឋរនៃយើងក៏កំពុងក្លាយជាក្ដីសុបិន្ដមួយដ៏អស្ចារ្យមិនត្រឹមតែទាក់ទាញដល់គូស្នេហ៍ជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងទាក់ទាញបណ្ដាភ្ញៀវទេសចរណ៌គ្រប់ជាតិសាសន៍នានាលើពិភពលោក មកទស្សនាទឹកដីនៃចក្រភពអច្ឆរិយ: ដូចក្នុងទស្សន:មនុស្សជាតិដែលតែងពោលថា «មួយជីវិតត្រូវមកស្គាល់អង្គរម្តង» ព្រោះជាទីតាំងវប្បធម៌ សិល្បៈ និងប្រវត្តិសាស្រ្តរបស់មនុស្សជាតិលើភពផែនដី ដ៏ល្អឥតខ្ចោះគ្មានពីរក្នុងលោក ដែលជាបំណែកមួយនៃថាមពលសេចក្តីស្រឡាញ់និងនាំយកអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានរបស់គូជីវិតស្វាមីភរិយាឲ្យស្ថិតស្ថេរជារៀងរហូតតរៀងទៅ៕