(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសរសើរពីគំរូវីរៈភាពរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅចំពោះមុខសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និទ្ទេស A ជាច្រើននាក់ ដោយលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកុលបុត្របន្តវេនដែលពោរពេញដោយសក្ដានុពល ជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ពោរពេញទៅដោយចំណេះដឹងចំណេះធ្វើ ដែលមានព្រហ្មវិហាធម៌ គតិបណ្ឌិតភាពឈ្លាសវៃ មានស្មារតីស្នេហាជាតិជ្រាលជ្រៅ។

ការថ្លែងរបស់លោកអភិបាលខេត្តត្បូងឃ្មុំបែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយកុំព្យូទ័ររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន ៥៤នាក់ ឆ្នាំសិក្សា២០២០-២០២១ នៅក្នុងខេត្តត្បូងឃ្មុំ។

ថ្លែងនៅក្នុងឱកាសដដែលនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា គឺមានសមត្ថភាពមានទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ មានទឹកចិត្តគោរពស្រឡាញ់ប្រជាជនដោយស្មោះស្ម័គ្រ មានគ្រប់លក្ខណៈសម្បត្តិដឹកនាំបានទទួលការសិក្សាខ្ពង់ខ្ពស់ថ្នាក់បណ្ឌិត បានទទួលការកោតសរសើរ ការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ ពីមន្រ្តីរាជការ ពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានទេព្យកោសលជាអ្នកដឹកនាំជាន់ខ្ពស់ និងមានទស្សនវិស័យវែងឆ្ងាយដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មកិច្ចការសំខាន់ៗទាំងនេះ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

បន្ថែមលើសពីនេះលោកបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា តាមរយៈលិខិតសម្ងាត់កាលពី២៨ឆ្នាំមុន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រ ដែលជាសំបុត្រសរសរផ្ទាល់ដៃ គឺជាលិខិតរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងវ័យត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ បានសរសេរលិខិតសុំការអនុញ្ញាតពីឪពុក ដើម្បីរៀនមុខវិជ្ជាដែលខ្លួន បានគិតទុកមុនរួចជាស្រេច។ តែតាមរយៈលិខិតសម្ងាត់ដែលសម្តេចតេជោ ហ៊ុន សែន បានទម្លាយលោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានចំណេះដឹងខ្ពង់ខ្ពស់ខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតសម្ងាត់នេះ៕