(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតជាថ្មីកោះហៅបុគ្គល១១រូប ឱ្យចូលខ្លួន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបំភ្លឺជុំវិញអំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង, អំពើសមគំនិត ក្នុងការក្លែងបន្លំឯកសារសាធារណៈ និងអំពើប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងកោះរ៉ុង ខេត្តព្រះសីហនុ។

យោងតាមលិខិតកោះហៅ ACU ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងចំណោមបុគ្គលទាំង១១រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការកោះហៅនេះ មាន០៤នាក់ ត្រូវឆ្លើយបំភ្លឺអំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ម្នាក់ត្រូវឆ្លើយបំភ្លឺអំពើសមគំនិត ក្នុងការក្លែងបន្លំឯកសារសាធារណៈ និង ៦នាក់ ត្រូវឆ្លើយបំភ្លឺអំពើប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ដែលជនសង្ស័យទាំងអស់បានប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុគ្គលទាំង១១រូបនោះ រួមមាន៖ ទី១៖ ឈ្មោះ ម៉ែន សោភ័ណ, ទី២៖ ឈ្មោះ ម៉ែន សូលីណា, ទី៣៖ ឈ្មោះ សុខ មលិកា, ទី៤៖ ឈ្មោះ ជា សានីន, ទី៥៖ ឈ្មោះ ឡេង ដោក, ទី៦៖ ឈ្មោះ ទន់ វិឡាម៉ូលីន, ទី៧៖ ឈ្មោះ ព្រំ សេង, ទី៨៖ ឈ្មោះ សុខ ចិន្ដា, ទី៩៖ ឈ្មោះ មាស ពិសី, ទី១០៖ ឈ្មោះ អ៊ូ មករា និងទី១១៖ ឈ្មោះ អុិន និមល់។

កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានចេញលិខិតកោះហៅបុគ្គលចំនួន ១១រូបនេះ ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ម្តងរួចទៅហើយ។ ប៉ុន្តែដោយមូលហេតុសាមីខ្លួន បានព្យាយាមគេចវេសពីលំនៅឋាន និងមិនបានទទួលលិខិតកោះហៅនេះ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចេញលិខិតកោះហៅពួកគេជាថ្មីទៀត។

ជាមួយនឹងការកោះហៅជាថ្មីនេះ ACU បានព្រមានថា ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន៕