(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីការគាំទ្រនិងការអំពាវនាវ៩ចំណុចដល់សមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជន ដើម្បីបន្តការគាំទ្រនិងចូលរួមក្នុងកិច្ចការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនសរុបជាង៦០០នាក់។

នាឱកាសនោះ លោកប្រធាន ឡី សុភាព បានដាក់ចេញការគាំទ្រនិងការអំពាវនាវចំនួន៩ចំណុច រួមមាន៖

១៖ ប្រកាសគាំទ្រគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

២៖ អំពាវនាវឱ្យសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ចូលរួមចាក់វ៉ាក់សាំងដូលទី៤ឱ្យបានគ្រប់ៗគ្នា។

៣៖ ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

៤៖ ប្រកាសគាំទ្រនិងកោតសរសើរដល់គណៈអភិបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានី ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបានល្អកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងមក ក្នុងនោះរួមមានការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានល្អ ខិតខំដោះស្រាយនិងគ្រប់គ្រងបញ្ហាទឹកជំនន់ទឹកភ្លៀងជូនប្រជាជនក្នុងរាជធានីភ្នំពេញឱ្យរួចពីគ្រោះថ្នាក់ផ្សេងៗ ដូចជាការលិចលង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ក៏ដូចជាខិតខំដោះស្រាយការកកស្ទះសំរាមនាអំឡុងពេលក្រុមហ៊ុនប្រមូលសំរាមមានបញ្ហាកន្លងមក ឱ្យទទូលបានលទ្ធផលល្អជូនប្រជាពលរដ្ឋ និងកិច្ចសម្របសម្រួលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាំងដូចមូលដ្ឋាន និងដូសជំរុញ។

៥៖ អំពាវនាវឱ្យសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់ចូលរួមបង់ថ្លៃសេវាសំរាមឱ្យបានគ្រប់ៗគ្នា។

៦៖ អំពាវនាវឱ្យគ្រប់មូលដ្ឋានអាជីវកម្មក្នុងវិស័យឯកជន ត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត។

៧៖ អំពាវនាវឱ្យគ្រប់មូលដ្ឋានអាជីវកម្មក្នុងវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកអាជីវកម្មមីក្រូតូច មធ្យម ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មក្នុងស្រុក។

៨៖ ប្រកាសគាំទ្រគោលនយោបាយទេសចរណ៍ក្នុងស្រុកឱ្យបានទូលំលាយ ពិសេសក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីនៃជំងីកូវីដ១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង។

៩៖ គាំទ្រឱ្យអាជីវករ ពាណិជ្ជករ អង្គការ សមាគម និងវិស័យឯកជនចូលជាសមាជិកតាមវិស័យនីមួយៗឱ្យបានគ្រប់ៗគ្នា។

គួរជម្រាបថា បន្ទាប់ពីបញ្ចប់វេទិកាសំណេះសំណាលខាងលើរួចមក អង្គពិធីក៏បានរៀបចំអាហារសាមគ្គីជូនសមាជិក-សមាជិកាអង្គការ សមាគម និងវិស័យឯកជនទាំងអស់យ៉ាងអធិកអធមសប្បាយរីករាយផងដែរ៕