(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះជាង៣០០គ្រួសារ ទទួលបានអំណោយមួយចំនួនពីអង្គការមូនិធិសប្បុរសធម៌ «ឆឺជី» ក្រោមការសម្របសម្រួលពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅបរិវេណវត្តតាំងក្រសាំងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងភរិយា ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនគរបាល រួមជាមួយលោក សៀ ម៉ីងស៉ីន ប្រធានអង្គការមូនិធិសប្បុរសធម៌ «ឆឺជី» និងប្រជាពលរដ្ឋជាច្រើននាក់។

លោក សៀ ម៉ីងស៊ីន ប្រធានអង្គការមូនិធិសប្បុរសធម៌ «ឆឺជី» បានឲ្យដឹងថា អង្គការមូលនិធិសប្បុរសធម៌ «ឆឺជី» ត្រូវបានបង្កើតឡើងដំបូងនៅតៃវ៉ាន់ ជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយភិក្ខុ នី ជីនយៀន ដោយស្មារតីបំពង់ឫស្សីសន្សំកុសលចាប់ផ្ដើមពីស្ត្រី៣០នាក់ សន្សំថវិកាពីការទិញម្ហូប រួមជាទឹកចិត្តស្តួចស្តើងជារៀងរាល់ថ្ងៃ ដើម្បីជួយអ្នកមានទុក្ខ។

លោកបានបន្តថា មកទល់បច្ចុប្បន្នដំណើរការមនុស្សធម៌ «ឆឺជី» ស្មារតីបំពង់ឫស្សីសន្សំកុសលនេះ មានរយៈជាង៥៥ឆ្នាំ បោះជំហានជាអន្តរជាតិជំនួយបានជាង១០០ប្រទេស និងមានទីស្នាក់ការជាង៦០ប្រទេសស្មើនិងជាង ៦០០កន្លែង នៅក្នុងទ្វីបទាំង៥។ មានបេសកកម្ម ៤ធំៗ និងចែកចេញជា៨ផ្នែក: ផ្នែកមនុស្សធម៌ ផ្នែកសុខាភិបាល ផ្នែកសុជីវធម៌ ផ្នែកអប់រំ ផ្នែកជំនួយសង្គ្រោះអន្តរជាតិ ផ្នែកបរិច្ចាគខួរឆ្អឹង ផ្នែកបណ្តុះធនធានអ្នកស្ម័គ្រចិត្ត ផ្នែកអប់រំបរិស្ថាន។ ឆឺជី អនុវត្តន៍តែការងារមួយគត់ គឺការសាបព្រោះគ្រាប់ពូជនៃក្តីស្រឡាញ់ បំផុសក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ ដើម្បីជួយដល់មានទុក្ខ និងគោរពសាសនានៃមនុស្សម្នាក់ៗ រាងៗខ្លួន។

អភិបាលខណ្ឌពោធិ៍សែនជ័យ បានកោតសរសើរចំពោះទឹកចិត្តក្នុងការចែករំលែក របស់អង្គការសប្បុរសធម៌ «ឆឺជី» ដែលបាននាំមកនូវអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាត នាពេលនេះ។ លោកបានបន្តថា ការចែករំលែកនេះ គឺជាទឹកចិត្តស្មោះសរបំផុត សំរាប់មនុស្សជាតិដែលរស់ក្នុងពិភពលោកតែមួយ ជាពិសេសការជួយចំគោលដៅ ចំពោះប្រជាពលរដ្ឋដែលបានជីវភាពខ្វះខាតពិតប្រាកដ។

លោក ហែម ដារិទ្ធ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចេះ ប្រុងប្រយ័ត្នការពារខ្លួនពីការឆ្លងកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង៣ការពារ» ជាមួយនិងការមានអនាម័យ ឲ្យបានខ្ជាប់ខ្ជួននៅបរិស្ថានជុំវិញខ្លួន ក្នុងនោះការរក្សាបរិស្ថាន ក៏ជាផ្នែកមួយសំខាន់ផងដែរ សំរាប់សុខភាពរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវផងដែរ។

គូសបញ្ជាក់ថា អំណោយដែលអងមគការមូនិធិសប្បុរសធម៌ «ឆឺជី» ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះជាង៣៥០គ្រួសារ នាពេលនេះរួមមាន៖ ឃីតមួយកញ្ជប់ មីមួយកេស អង្ករ៤០គីឡូក្រាមផងដែរ៕