អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងសាងសង់អគារ១ខ្នង មាន៦បន្ទប់នៅសាលាបឋមសិក្សាខ្ពករុន និងផ្តល់អគារមួយខ្នងជូនមណ្ឌលសុខភាពឃុំស្រែចែង ស្រុកជុំគិរី
25-01-2022 12:20
(កំពត)៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យទីតាំងសាលាបឋមសិក្សាខ្ពករុន ក្នុងឃុំស្រែចែង ដើម្បីសាងសង់សាលារៀន ១ខ្នង មាន៦បន្ទប់ បន្ថែមទៀត និងសាងសង់អគារ១ខ្នងទៀត ជូនមណ្ឌលសុខភាពឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពឃុំស្រែចែង ស្រុកជុំគិរី លោកអភិបាលខេត្ត បានបញ្ជាក់ថា ការសាងសង់អគារមួយខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សា ខ្ពបរុននេះ គឺពិនិត្យទៅកន្លងមក មានសិស្សកើនឡើងច្រើន ដូច្នេះចាំបាច់ត្រូវតែសាងសង់នៅអគារមួយខ្នងបន្ថែមទៀត ដើម្បីតម្រូវការចាំបាច់របស់សិស្ស ដែលបច្ចុប្បន្ននេះមានការកើនឡើង និង សម្រាប់សិស្សទៅថ្ងៃអនាគត ហើយការសាងសង់សាលរៀននេះ នឹងចាប់ផ្ដើមឡើងនៅពេលមានការចាក់ដីក្នុងបរិវេណសាលាបានស្អាតរួចរាល់ហើយនោះ។
ដោយឡែក មណ្ឌលសុខភាពឃុំស្រែចែង ដោយពិនិត្យឃើញបរិវេណមណ្ឌលសុខភាពទីនេះ មានភាពតូចចង្អៀត និងអ្នកមកសម្រាលកូនទីនេះច្រើននោះផង លោកអភិបាលខេត្ត ក៏បានសម្តេចសាងសង់នូវអាគារមួយខ្នងបន្ថែមទៀត ដើម្បីផ្តល់ជូនមណ្ឌលសុខភាពសម្រាប់ស្រ្តីសម្រាលកូន និងសម្រាកនៅទីនោះផងដែរ។
ទន្ទឹមនេះលោក ម៉ៅ ធនិន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះស្រលាញ់គ្នា ចេះឱបក្រសោបគ្នា កុំឈ្លោះគ្នា និងត្រូវចូលរួមការពារសុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្ដូរ ដើម្បីពុកម៉ែបងប្អូនយើងទាំងអស់គ្នា។
លោក ម៉ៅ ធនិន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់ពាក់ព័ន្ធជំងឺកូវីដ-១៩ បៀបរស់នៅបែបគន្លងថ្មី ដោយវិធានការសុខាភិបាល «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល ត្រូវពាក់ម៉ាស់ជាប្រចាំ រក្សាអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ យកអាល់កុល ឬជែលតាមខ្លួន ការរក្សាគម្លាតសុវត្ថិភាព គឺជាវិធីមួយដ៏ល្អប្រពៃ ក្នុងចំណោមវិធីល្អបំផុតមួយចំនួន ដែលយើងត្រូវអនុវត្តន៍ដើម្បីទប់ស្កាត់នឹងការរាតត្បាតនៃវីរុសកូវីដ-១៩៕