(កំពង់ស្ពឺ-កោះកុង)៖ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយធនាគារពិភពលោក និងអង្គការក្រៅរដ្ឋាភិបាល រៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្ម នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ទស្សនកិច្ចនេះមានមនុស្សប្រមាណ ៥៥នាក់ ចូលរួមក្នុងនោះមានប្រតិបត្តិករទេសចរណ៍ឈានមុខ២៥នាក់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ១០នាក់ បុគ្គលិកមកពីក្រសួងបរិស្ថាន និងក្រសួងផ្សេងទៀត១៥នាក់ និង មន្ត្រីមកពីធនាគារពិភពលោក ចំនួន៥នាក់។ ដំណើរកិច្ចស្វែងយល់នេះ ធ្វើឡើងនៅក្នុងគោលបំណងផ្សព្វផ្សាយអំពីសកម្មភាពរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា», ស្វែងយល់ពីគុណភាព សេវាកម្មទេសចរណ៍ធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍តំបន់ទេចរណ៍ធម្មជាតិ។

ក្រសួងបរិស្ថាន កំពុងខិតខំលើកកម្ពស់រដ្ឋាភិបាលបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយចីរភាពនៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត ការទទួលខុសត្រូវ និងគណនេយ្យភាព, ក្នុងក្របខណ្ឌកែលំអស្ថាប័ន, និងកិច្ចសហការសម្របសម្រួល រវាងភាគីពាក់ព័ន្ធផ្សេងៗ។ ដោយយល់ពីភាពចាំបាច់នេះ «គម្រោងទេសភាពប្រកបដោយនិរន្តរភាពនិង អេកូទេសចរណ៍កម្ពុជា» នឹងត្រូវការពេលអនុវត្តរយៈពេល ៦ឆ្នាំ (២០២០-២០២៥) ក្រោមក្របខ័ណ្ឌនៃប្រាក់កម្ចីឥណទានរបស់ធនាគារពិភពលោក។

គោលបំណងនៃការអភិវឌ្ឍគម្រោង គឺដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងតំបន់ការពារ លើកតម្លៃឱកាសអេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើនៅ ក្នុងតំបន់ទេសភាពភ្នំក្រវ៉ាញ និងទន្លេសាប។ គម្រោងនេះគ្រប់គ្រងដោយក្រសួងបរិស្ថាន និងសហការអនុវត្ត ដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងការលើកទឹកចិត្តដើម្បីជួយដល់រាជរដ្ឋាភិបាល កម្ពុជា សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គម្រោងទេសភាព និងអេកូទេសចរណ៍ប្រកបដោយ និរន្តរភាពរបស់ប្រទេសកម្ពុជានឹងយកអេកូទេសចរណ៍ជាកត្តាជំរុញដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចរបស់សហគមន៍ជនបទ និងពង្រឹងការគ្រប់គ្រងភាពសម្បូរបែបនៃធម្មជាតិធម្មជាតិនៃជួរភ្នំក្រវាញ និងបឹងទន្លេសាប រួមទាំងជម្រកសត្វព្រៃ, ឧទ្យានជាតិក្រវាញខាងត្បូង, កណ្តាល, ជម្រកសត្វព្រៃឱរ៉ាល់, ភ្នំសំកុស និងច្រករបៀងអភិរក្សជីវចម្រុះក្រវាញ។ តំបន់ភ្នំក្រវាញ និងទន្លេសាប មានទំហំជាង ៣.៨លានហិកតា ហើយក៏ជាកន្លែងដែលមានជលផលទឹកសាបច្រើនបំផុតមួយនៅលើពិភពលោក និងមានព្រៃការពារធំជាងគេនៅឥណ្ឌូចិនផងដែរ។

គម្រោងនេះក៏នឹងពង្រឹងខ្សែសង្វាក់តម្លៃនៃអនុផលព្រៃឈើ (NTFP) ដើម្បីបន្ថែមនូវប្រាក់ចំណូលនៅតាមទីជនបទ។ ការធ្វើឱ្យប្រសើរឡើងនូវសក្តានុពលអេកូទេសចរណ៍ និងអនុផលព្រៃឈើរបស់ប្រទេសកម្ពុជានៅក្នុងតំបន់ភ្នំក្រវាញ់ និងទន្លេសាប គឺស្ថិតនៅក្នុងការដោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធដែលមានកម្រិត និងការតភ្ជាប់ក្នុងតំបន់។ ការវិនិយោគជាក់លាក់ក្នុងការកែលម្អការតភ្ជាប់ និងការកសាងជំនាញសហគ្រិនអំពីអនុផលព្រៃឈើ និងអេកូទេសចរណ៍នឹងត្រូវបានគេយកមកអនុវត្ត។ គោលដៅវិនិយោគបន្ថែមនឹងត្រូវបានធ្វើឡើងតាមរយៈការពង្រឹងប្រព័ន្ធការពារតំបន់អភិរក្ស (PA) នៃតំបន់ទេសភាពភ្នំក្រវាញ និងទន្លេសាប ដែលជាផ្នែកដ៏សំខាន់នៃធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារ។

ដំណើរទស្សនកិច្ចសិក្សា (Familiarization Trip) ដែលរៀបចំឡើងស្របជាមួយគ្នានឹងគម្រោង ទេសភាពនិរន្តរភាព និងអេកូទេសចរណ៍កម្ពុជា មានគោលបំណងផ្តល់ជូនដល់អន្តរការីដែលរួមមានអ្នក កត់ត្រាធ្វើដំណើរ អ្នកសារព័ត៌មាន និងប្រតិបត្តិករទេសចរណ៍ក្នុងវិស័យឯកជន ដើម្បីទទួលបានបទពិសោធន៍ ផ្សងព្រេងដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍ធម្មជាតិឈានមុខគេ និងកន្លែងទាក់ទាញទេសចរណ៍ ផ្សេងទៀតដែលរកឃើញមាននៅតាមតំបន់ធម្មជាតិជួរក្រវាញ៕