(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរិះគន់ចំពោះរដ្ឋមន្រ្តីក្រសួងមួយដែលអនុញ្ញាតឱ្យនាំចូលគ្រឿងផ្សំសារធាតុញៀនដោយស្របច្បាប់កន្លងទៅ ឱ្យទទួលខុសត្រូវចំពោះសង្គមកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបានរកឃើញថា គ្រឿងផ្សំសារធាតុញៀនដែលជនទុច្ចរិតស្នើសុំនាំចូលដើម្បីផលិតជីនោះ ត្រូវបានយកមកកែច្នៃ ដើម្បីផលិតគ្រឿងញៀនទៅវិញ។

ការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះថា៖ «ចុងក្រោយនេះ បានរកឃើញសារធាតុញៀន ដែលគេដឹកចូលមកដោយស្របច្បាប់ មិនមែនលួចលាក់ជាង១០០តោន»។ សម្តេចបន្តថា «គ្រឿងញៀនចូលតាមច្រកព្រំដែនឡាវ ព្រំដែនថៃ ព្រំដែនវៀតណាម ជាសារធាតុញៀនដែលគេបានផ្សំហើយដែលយើងចាប់បានរាប់រយគីឡូ ប៉ុន្តែគ្រឿងញៀនសារធាតុដែលគេយកផ្សំជាគ្រឿងញៀន បានចូលមកកម្ពុជាដោយស្របច្បាប់ មានរហូតដល់រាប់រយតោន ដែលថ្មីៗនេះ ៣ថ្ងៃមុននេះ រកឃើញរហូតដល់ជាង១០០តោន អញ្ចឹងសួរថា នរណាទទួលខុសត្រូវ ក្នុងការនាំសារធាតុញៀនហ្នឹងមក»

របាយការណ៍របស់គណៈកម្មការប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន៦ ២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣ ៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមាន ជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។ ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤ ៤១៥ករណី ដោយឃាត់មនុស្ស ៨ ៥៤៩នាក់, ករណីប្រើប្រាស់ចំនួន ១ ៧៩២ករណី ដោយឃាត់មនុស្ស ៥ ២០៧នាក់ និងអនុវត្ដដីកា ៤៩០ដីកា ឃាត់មនុស្ស ៤៤៥នាក់។ សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបាន មានចំនួនជាង ៤ ៤៣៥គីឡូក្រាម និងកញ្ឆា ៥២ ២១៤ដើម, កញ្ឆាសួតជាង ១៤១គីឡូក្រាម។

បើតាមសម្តេចក្រឡាហោម ស ខេង, ក្នុងចំណោមអ្នកជាប់ឃុំសរុប ប្រមាណ៣,៨ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា មាន ៥៤.៥២% ហើយដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបានចាត់ទុកថា អត្រានេះមានន័យថា គ្រឿងញៀន បានវាយលុកមកលើសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចមើលរំលងបានឡើយ។

សម្តេចបានជំរុញឱ្យស្វែងរកអ្នកទទួលខុសត្រូវក្នុងការអនុញ្ញាតឱ្យនាំចូលគ្រឿងផ្សំសារធាតុញៀនដោយស្របច្បាប់ ដោយចាត់ទុកករណីនេះ ប្រៀបដូចជាករណី «ចោរលួចឡាន» ដែលនាំចូលម្តងមួយចំណែកៗ ហើយផ្គុំទៅជាឡានតែម្តង។ សម្តេចបញ្ជាក់ទៀតថា៖ «សូមឱ្យក្រសួងដែលជាក្រសួងអាជ្ញាបណ្ណ ខ្ញុំមិនបាច់និយាយឈ្មោះទេ សូមឯកឧត្តមរដ្ឋមន្រ្តីមើលរឿងហ្នឹង បើមិនអញ្ចឹងទេ ឯកឧត្តមជាប់ជំពាក់នឹងការទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»

ពាក់ព័ន្ធករណីនេះ សម្តេចជំរុញអាជ្ញាធរគ្រឿងញៀន បញ្ជូនបញ្ជីឈ្មោះសារធាតុដែលអាចផ្សំជាគ្រឿងញៀនបានទៅក្រសួងដែលចេញអាជ្ញាបណ្ណ ហើយនៅពេលដែលក្រសួងចេញអាជ្ញាបណ្ណហើយ ត្រូវតែបញ្ជូនមកឱ្យអាជ្ញាធរគ្រឿងញៀន និងក្រសួងមហាផ្ទៃបានដឹង និងតាមដាន។

សម្តេចបានរិះគន់ចំពោះកង្វះការទំនាក់ទំនងរវាងភាគីទាំងពីរនាពេលកន្លងមក ដោយលើកឡើងថា៖ «តើយ៉ាងម៉េចបានមិនទាក់ទងគ្នា មិនផ្តល់ព័ត៌មានឱ្យគ្នា មិនមែនជារដ្ឋដោយឡែកៗទេ រដ្ឋយើងជារដ្ឋឯកភាព រដ្ឋទោល ទោះបីជារដ្ឋសហព័ន្ធក៏គេសហការគ្នាដែរ ចុះឥឡូវយើងរដ្ឋទោលម្តេចក៏មិនចម្លងមិនប្រាប់ឱ្យគ្នា សូមឯកឧត្តមរដ្ឋមន្រ្តី ទទួលបន្ទុកការងារនេះ សូមឱ្យមើលរឿងនេះកុំមើលស្រាល បើមិនអញ្ចឹងឯកឧត្តមជំពាក់ការទទួលខុស ចំពោះជាតិ និងប្រជាជនអំពីការបំផ្លាញសុខភាពសាធារណៈ»

សម្តេចបានថ្លែងថា យើងមិនត្រូវឱ្យគ្រឿងញៀនត្រួតត្រាប្រទេសយើងបានទេ បើមិនដូច្នេះប្រទេសយើងនឹងត្រួតត្រាដោយពួកម៉ាហ្វីយា៕