(ត្បូងឃ្មុំ)៖ បន្ទាប់ពីអស់ជំនឿ និងក្តីសង្ឃឹមជាមួយអតីតរបស់ខ្លួននោះ សមាជិក សមាជិកា មកពីបណ្តាគណបក្សនយោបាយនានានៅក្នុងខេត្តត្បូងឃ្មុំ បានស្ម័គ្រចិត្តចូលរួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូល និងសំណេះសំណាលជាមួយសមាជិកថ្មីនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានអ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក យូ សិរីវុឌ្ឍ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកថ្នាក់កណ្តាលគណបក្ស និងលោក ស៊ាក ឡេង ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ និងសមាជិកសមាជិកាដែលទើបប្រកាសចូលជាសមាជិកគណបក្សប្រជាជនថ្មី។
របាយការណ៍របស់លោក ស៊ាក ឡេង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ គណបក្សខេត្ត បានកសាងកម្លាំងថ្មីបានចំនួន ១៨,៧៦៥នាក់ ធ្វើឲ្យបច្ចុប្បន្នភាពខេត្តមានសមាជិកបក្សចំនួន ៣៦០,៥៦៧នាក់។
អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។
«អស់រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខ ប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម តែយ៉ាងណាប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ ដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា លី សាម៉េត។
អ្នកឧកញ៉ា លី សាម៉េត គូសបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។
អ្នកឧកញ៉ា លី សាម៉េត បានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕